គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្ស ស្លាប់ និង របួស តាមផ្លូវជាតិលេខ៤ គឺបណ្តាលមកពី….
ព្រះសីហនុៈ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ខេត្តព្រះសីហនុ ប្រាប់ពីមូលហេតុចម្បងមួយចំនួន ដែលងាយបង្កឲ្យកើត ជាគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្ស ស្លាប់ និង របួស តាមផ្លូវជាតិលេខ៤ ក្នុងនោះ ភាគច្រើន គឺមកពីកត្តាអ្នកបើកបរ។
ទី១, រថយន្តធុនធំមួយចំនួន បើកបរជាប់គ្នាច្រើនគ្រឿង ជាខ្សែ ដូចខ្សែរថភ្លើង មិនរក្សាគម្លាត តាមច្បាប់ចរាចរណ៍ ដែលធ្វើឲ្យពិបាក ដល់អ្នកបើកបរ ពីខាងក្រោយ ត្រូវវ៉ាជែង ក្នុងនោះយានយន្តមួយចំនួន បានបង្ខំចិត្ត បើកបរវ៉ាជែង ហើយពេលខ្លះ វ៉ាមិនផុត ក៍បុកប៉ះជាមួយយានយន្ត បញ្ច្រាសទិសគ្នា។
ទី២,អ្នកបើកបរម៉ូតូមួយចំនួន បើកបរទន្ទឹមគ្នា ជាជួរ និងខ្លះទៀត បើកលឿនហួសកម្រិត មិនអាចគ្រប់គ្រងបាន ពេលមានឧបស័គ្គ។
ទី៣,ការបើកបរ មិនយោគយល់ អធ្យាស្រ័យគ្នា ឧទាហរណ៍ ពេលយានយន្តមួយ កំពុងបើកវ៉ាជែង អ្នកបើកបរយានយន្តខ្លះ ដែលគេកំពុងសុំវ៉ាជែងនោះ បានបន្ថែមល្បឿន មិនឲ្យវ៉ាជាដើម។
ទី៤,អ្នកបើកបរយានយន្ត មួយចំនួន ពេលយប់ ប្រើប្រាស់ភ្លើងហ្វា ខុសបច្ចេកទេស ឬបើកភ្លើងហ្វា ជាប់រហូត ដោយពុំបានគិតពីការប៉ះពាល់ ដល់អ្នកដទៃ។
សមត្ថកិច្ច បានពន្យល់ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន ក្រៅពីគោរព ច្បាប់ពេលបើកបរ ការអនុគ្រោះយោគយល់គ្នា ជួយសម្រួលគ្នា ក្នុងករណីចៃដន្យណាមួយ គឺជាជម្រើសល្អបំផុត៕