ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភ លើនារីវ័យ១៩ឆ្នាំម្នាក់ បានសម្រេច ក្នុងព្រៃត្រែងមាត់ទន្លេ

កណ្តាល ៖ នៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីក្រុមជនសងស្ស័យបាននាំគ្នាចាប់រំលោភនារីរងគ្រោះ នៅចំណុចព្រៃត្រែងមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យដែលឃាត់ខ្លួនមាន១. ឈ្មោះ លាង គឹមឆាយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ២. ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកម្នាក់ទៀតឈ្មោះ ធី វិន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល គំពុងគេចខ្លួន។

មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ និងមិត្តភ័ក្ដិផ្សេងទៀត កំពុងផឹកស៊ីស្រវឹងនៅកញ្ចុះមាត់ទន្លេជាប់នឹងកំពង់ចម្លង ខណៈនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងចាំឆ្លងទូកដតែម្នាក់ឯង ស្រាប់តែជនសង្ស័យឈ្មោះ លាង គឹមឆាយ បានបើកម៉ូតូឌុបជនសង្ស័យឈ្មោះ ធី វិន ទៅរកជនរងគ្រោះ ល្បួងនិងចាប់បីជនរងគ្រោះដាក់លើម៉ូតូ ដឹកទៅកន្លែងព្រៃត្រែងដែលជាកន្លែងកើតហេតុរួចធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចទាំងពីរនាក់ ចំណែកជនសង្ស័យឈ្មោះ នី វណ្ណៈ បានដើរទៅតាមក្រោយ ដើម្បីធ្វើសកម្មភាពរំលោភដែរ ប៉ុន្តែរំលោភមិនទាន់បានសម្រេចផង ក៏មានម៉ូតូមួយគ្រឿង ដែលជាម៉ូតូរបស់បងប្អូនជនរងគ្រោះមកដល់ ពេលនោះជនសង្ស័យទាំងបីក៏បាននាំគ្នារត់គេចខ្លួនអស់ ។
ក្រោយមកក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា អោយជួយអន្តរាគមន៍ និងបានសហការជាមួយកម្លាំងប្រជាការពារបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ លាង គឹមឆាយ និងឈ្មោះ នី វណ្ណៈ ចំណែកជនសង្ស័យឈ្មោះ ធី វិន បានគេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់ ។ ឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើតេស្តសំណាករកមេរោគកូវីត-១៩ និងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង