កូនវាយឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់
ពោធិ៍សាត់: កាលពី ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២២ មានករណីហិង្សាក្នុងគ្រួសារ (កូនវាយឪពុកបង្កើតរបស់ខ្លួនរងរបួសធ្ងន់) ស្ថិតចំណុចជើងភ្នំគុក ភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមកំណត់ហេតុបណ្ដឹង និងការបំភ្លឺរបស់ឈ្មោះ ហួ រី ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ ដែលមកស្នាក់នៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ម្តាយចុងរបស់ជនមុខសញ្ញា) បានបំភ្លឺថានៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២២ នៅវេលាម៉ោង ៨និង ៣០នាទីយប់ ប្ដីរបស់ខ្លួនឈ្មោះ យ៉ោប យ៉េត អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមកពីកាត់សក់នៅបំណក់ ហើយមកដល់ចម្ការ នៅជើងភ្នំគុក ស្ថិតនៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្រាប់តែឈ្មោះ យ៉ោប ពិសិដ្ឋ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនចុងរបស់ខ្លួន) មិនដឹងផឹកស៊ីស្រវឹងមកពីណា បានកាក់ ស្រែកជេរដៀលប្តីខ្លួនថា កន្តួយម៉ែអាសំរាម អាថោក ហើយប្តីខ្លួនក៏តបទៅវិញថា កុំដៀលប្រយ័ត្នអញទ្រាំមិនបាន ហើយប្តីខ្លួនក៏ដើរទៅកញ្ចុះនៅក្នុងចម្ការ ស្រាប់តែខ្លួនឮសូរសម្លេងផស់ៗ ហើយខ្លួនក្រឡេកមើលទៅឃើញប្តីខ្លួនដួលទៅលើដី ដោយមានឈាមហូររហាមពេញមុខ ពេលនោះខ្លួនក៏រត់ទៅហៅកម្មករឲ្យមកជួយ ថាអាសិដ្ឋវាយប៉ាវាបែកឈាមដួលសន្លប់ហើយ បន្ទាប់មកកម្មករក៏នាំគ្នាជួយឃាត់ ហើយឈ្មោះ សិដ្ឋ ក៏រត់គេចខ្លួនទៅខាងក្រោយភ្នំបាត់ ហើយខ្លួនក៏មកមើលប្តី ឃើញមានស្នាម របួសត្រង់ស្លឹកត្រចៀក បែកមាត់ និង បាក់ឆ្អឹងដងកាំបិត បន្ទាប់មកខ្លួន និងកូនព្រមទាំងកម្មករបានដឹកប្តីមកព្យាបាលនៅគ្លីនិកឯកជននៅ ខេត្តពោធិ៍សាត់។
ជនបង្កឈ្មោះ យ៉ោប ពិសិដ្ឋ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ភ្នំតាអុស ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានមកស្នាក់នៅបណ្តោះអាសន្ននៅភូមិឃុំ កើតហេតុខាងលើ។ រយ:កាលកន្លងមក ជនមុខសញ្ញាធ្លាប់ជាប់ពន្ធាគារ នៅខេត្តកំពង់ឆ្នាំង រយ:ពេល២ឆ្នាំ ពីបទប្រើអំពើហិង្សានៅក្នុងគ្រួសារ។
សមត្ថកិច្ចបានស្រង់ចម្លើយរបស់ឈ្មោះ យ៉ោប ពិសិដ្ឋ ភេទប្រុស អាយុ ៣៤ឆ្នាំ (ជនបង្កត្រូវជាកូនបង្កើតរបស់ជនរងគ្រាះ)បានឆ្លើយសារភាពថា នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២២ ម៉ោង ៨និង៣០នាទីយប់ ខ្លួនបានផឹកស៊ីស្រវឹង ហើយបានទាស់ពាក្យសំដីជាមួយប៉ាបង្កើតរបស់ខ្លួនឈ្មោះ យ៉ោប យ៉េត អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ ខ្លួនបានដៀលខាងបងប្អូនប៉ាខ្លួនពេលគាត់ឮដូចនេះ គាត់ខឹងក៏ស្ទុះយកចបជីកមកវាយខ្លួន បណ្តាលឲ្យចំជង្គង់ទាំងសងខាង ដោយមានការឈឺខ្លាំង ខ្លួនក៏ស្ទុះទៅអោបគាត់ ហើយខាំស្លឹកត្រចៀកគាត់ បណ្តាលឲ្យដាច់ហើយឈាម ខាំដោះ និង ដាល់មុខគាត់៤ទៅ៥ដៃ បណ្តាលឲ្យបែកឈាម និងដួលសន្លប់ទៅលើដី ក្រោយពេលធ្វើសកម្មភាពរួចខ្លួនក៏រត់គេចខ្លួនទៅដេកនៅជើងភ្នំក្បែរចម្ការ។
ជនមុខសញ្ញា ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងបញ្ជូនមកកាន់អធិការដ្ឋានគរបាលស្រុកក្រគរ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី ០១ខែ កុម្ភ:ឆ្នាំ ២០២២ នៅវេលាម៉ោង ៩និង៣០នាទីយប់ ដើម្បីចាត់ការទៅតាមនីតិវិធី៕