លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញស្នើអ្នកវិនិយោគជប៉ុនមកវិនិយោគលើវិស័យកសិកម្ម

( ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើដល់លោក Takhashi Fumi aki ជួយជំរុញអ្នកវិនិយោគជប៉ុន តាមរយៈសមាគមកម្ពុជា-ជប៉ុន ដើម្បីមកវិនិយោគលើវិស័យកសិកម្មបន្ថែមលើវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមក។
លោកស្នើបែបនេះ ក្នុងឱកាសជួបសំណេះសំណាលការងារជាមួយ លោក Takhashi Fumi aki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅកម្ពុជាពិសេសនៅរាជធានីភ្នំពេញ មានសក្តានុពលខ្លាំងលើវិស័យកសិកម្មក្នុងនោះ បានសង្កត់ធ្ងន់លើការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំង សំរាប់នាំចេញទៅទីផ្សារសំខាន់ៗ ដូចជាប្រទេសចិនជាដើម នៅពេលកម្ពុជា បានចុះហត្ថលេខារួចហើយ លើការធ្វើពាណិជ្ជកម្មសេរី ជាមួយភាគីចិនលើការនាំផលិតកសិកម្មពីកម្ពុជា ចូលទៅទីផ្សារចិន។
លោកអភិបាលរាជធានី បានលើកឡើងថា ជប៉ុនមានបច្ចេកទេសច្បាស់លាស់ ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀត ទៅកាន់ទីផ្សារនៃបណ្តាប្រទេសនានា។ ដូច្នេះជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សាលើវិស័យកសិកម្មនៅកម្ពុជា ប្រកបដោយសក្តានុពល។
ពាក់ពន្ធ័នឹងបញ្ហាសំរាម ក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរាបជូនភ្ញៀវថា «រឿងនេះយើងបានដោះស្រាយបានល្អប្រសើរហើយដោយយើងមានក្រុមហ៊ុនប្រមូល សំរាមចំនួន៣ដែលកំពុងធ្វើសកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញបច្ចុប្បន្ន ក្រៅពីរថយន្តប្រមូល និងដឹកជញ្ជូនសំរាមដែលជប៉ុនបានផ្តល់ដល់រាជធានីភ្នំពេញ យើងក៏ត្រូវការជាចាំបាច់រថយន្តពន្លត់អគ្គីភ័យនៅរាជធានីភ្នំភ្នំពេញ ដែលកំពុងអភិវឌ្ឍន។ដូច្នេះយើងត្រូវការចាំបាច់គឺរថយន្តពន្លត់អគ្គីភ័យសំរាប់ជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គីភ័យពិសេសលើសំណង់អាគារខ្ពស់ ៗ»។
លោក Takahashi Fumi Aki បានលើកឡើងពីការចាប់អារម្មណ៍របស់សមាគមកម្ពុជា.ជប៉ុន ដែលនឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញ ទៅតាមសំណើរបស់លោក ឃួង ស្រេង ក្នុងការរួមចំណែកអភិវឌ្ឍរាជធានីភ្នំពេញ។
លោក Takahashi Fumi aki ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែរនោះ បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុន ប្រមាណ ២០០ក្រុមហ៊ុន មកទស្សនកិច្ចនៅ រាជធានីភ្នំពេញ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមាគមមានបំណងនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ច នៅរាជធានីភ្នំពេញជាលើលើកទី២ និងរៀបចំឲ្យមានវេទិការពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះដែរ លោកបានប្រគល់ប្លង់ដីមួយហិតតា ដែលជាអំណោយរបស់ជនជាតិជប៉ុនម្នាក់ ដល់អភិបាលរាជធានីភ្នំពេញ សម្រាប់ធ្វើជាសួនច្បារសាធារណៈមួយដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំដែលជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមករក្សាសន្តិសុខអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង