ព្រះសង្ឃមួយអង្គ សង្ស័យជំងឺប្រចាំកាយរើឡើង បណ្តាលឱ្យប្រកាច់ធ្លាក់ចូលក្នុងស្រះទឹក លង់លិចបាត់
ភ្នំពេញ ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពី យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងវត្តតាំងកសាងខាងជើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ព្រះសង្ឃរងគ្រោះមានព្រះនាមច័ន្ទ មានរិទ្ធ ហៅក្រៅថាណប់ មានព្រះជន្មជាង២០ឆ្នាំ បច្ចុប្បន្នគង់នៅក្នុងវត្តតាំងកសាងខាងជើង។
កន្លងមកព្រះសង្ឃរងគ្រោះអង្គនេះបានគង់នៅក្នុងវត្តនេះ អស់រយៈពេលជាងពីរឆ្នាំមកហើយ ដោយព្រះអង្គមានជំងឺប្រចាំកាយតែងតែប្រកាច់ជាញឹកញាប់ ហើយបានចាកចេញពីវត្តដើម្បីទៅព្យាបាលជំងឺអស់មួយរយៈពេលផងដែរ។ ក្រោយមកទើបត្រឡប់មកគង់នៅក្នុងវត្តនេះវិញទើបតែបានរយៈពេលជាងពីរខែប៉ុណ្ណោះ ហើយដោយសារតែបីបួនថ្ងៃនេះនៅក្នុងវត្តមានការដាច់ទឹកនោះទើបព្រះសង្ឃអង្គនេះបានទៅដងទឹកស្រះនៅកន្លែងកើតហេតុ ដើម្បីយកទៅស្រង់ស្របពេលដែលជំងឺរបស់ព្រះអង្គបានរើឡើងវិញនោះបណ្តាលឱ្យប្រកាច់ធ្លាក់ចូលក្នុងស្រះទឹកលង់លិចបាត់តែម្ដង។ នៅពេលភ្លាមៗនោះគ្មានអ្នកណាម្នាក់ដឹងថា ព្រះអង្គបាននិមន្តទៅណានោះទេ លុះរហូតដល់ព្រលប់បន្តិចដោយមិនឃើញព្រះអង្គនៅក្នុងកុដិក៏បាននាំគ្នាដើររកមើលតាមកុដិដទៃ និងក្នុងបរិវេណវត្តក៏ប្រទះឃើញអីវ៉ាន់របស់ព្រះអង្គនៅមាត់ស្រះទឹកកន្លែងកើតហេតុតែម្តង។
ព្រះសង្ឃដែលនៅក្នុងវត្តបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានហើយភ្លាមៗនោះ អាជ្ញាធរបានចុះមកទីតាំងកើតហេតុដើម្បីពិនិត្យជាក់ស្តែងនិងជួយធ្វើការរាវរកសពសង្ឃរងគ្រោះផងដែរ៕