អគ្គិភ័យឆេះផ្ទះពលរដ្ឋ១ខ្នងនិងតូបលក់ដូរ១៦តូប បំផ្លាញខ្ទេចទាំងស្រុង
កំពង់ចាម: នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង២១និង៤០ នាទីយប់ មានករណីអគ្គិភ័យ បានកើតឡើងនៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក វរសេនីយ៍ឯក ប៉ែន ទៀងចម្រើន អធិការនគរបាលស្រុក និងបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចម្ការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ និងបានចាត់បញ្ជាឲ្យរថយន្ដពន្លត់អគ្គិភ័យ ស្នងការដ្ឋានចំនួន០២គ្រឿង រថយន្ដស្រុកកំពង់សៀមចំនួន០១គ្រឿង រថយន្ដស្រុកស្ទឹងត្រង់ចំនួន០២គ្រឿង រថយន្ដស្រុកព្រៃឈរចំនួម០១គ្រឿង សរុបចំនួន០៧គ្រឿង ។
ករណីខាងលើនេះ បណ្តាលឲ្យរងការខូចខាត៖ ផ្ទះទំហំ ៧ម៉ត្រ × ១០ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងដែក ថ្មក្រោម ម្ចាស់ឈ្មោះ ហេ វណ្ណី ភេទស្រី អាយុ ៧០ ឆ្នាំ រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ តូបលក់ដូរចំនួន១៦តូប (ទំហំ៤ម x ៦ម) តូបសង់ពីដែក ជញ្ជាំងដែក ក្រោមថ្ម ប្រក់ដែក ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ អគ្គិភ័យរលត់អស់១០០% នៅវេលាម៉ោង ០១និង០៥ នាទីយប់ ឆ្លងចូលថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ ។
ករណីខាងលើនេះ មិនបណ្ដាលឲ្យរបួសដល់មនុស្សនោះទេ ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ ទឹកអស់ចំនួន១៦ គ្រឿង រួមមាន៖
o រថយន្តពន្លត់ អគ្គិភ័យ ស្រុកចម្ការលើចំនួន0៤ គ្រឿង ។
o រថយន្តពន្លត់ អគ្គិភ័យ ស្រុកកំពង់សៀមចំនួន០២ គ្រឿង ។
o រថយន្តពន្លត់ អគ្គិភ័យ ស្រុកព្រៃឈរចំនួន ០២ គ្រឿង ។
o រថយន្តពន្លត់ អគ្គិភ័យ ស្រុកស្ទឹងត្រង់ចំនួន ០៣ គ្រឿង និងរថយន្តខេត្តចំនួន ០៥ គ្រឿង ៕