បុរសម្នាក់ បើករថយន្តយ៉ាងលឿនធ្វើឱ្យរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យខូចខាតអស់២កង់
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូលេខ២១៧ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AR-8648 បើកបរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យខូចខាតអស់ចំនួន២កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយភ្លាមនោះដែរអ្នកបើករថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕