ច្រាំងទន្លេបានបាក់ស្រុតប្រហែលប្រវែង ១៧០ ម៉ែត្រ តាមបណ្តោយដងទន្លេមេគង្គត្រង់ចំណុច ភូមិទួល គ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ក្រោយទទួលដំណឹងភ្លាមៗ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ នាំយកអំណោយមនុស្សធម៍សាខាកាកបាទក្រហមខេត្ត ចែកជូនក្នុងមួយគ្រួសារបានអង្ករ២៥ គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប និងថវិកាមួយចំនួន ក៏ដូចជាសំណេះ សំណាលផ្តល់ភាពកក់ក្តៅ និងត្រៀមកំលាំងរុះរើផ្ទះ និងសាងសង់ឡើងវិញ ។
រយៈពេលប៉ុន្មានថ្ងៃនេះ ច្រាំង ទន្លេបានបាក់ស្រុតប្រហែលប្រវែង ១៧០ ម៉ែត្រ តាមបណ្តោយដងទន្លេមេគង្គត្រង់ចំណុច ភូមិទួល គ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ២១គ្រួសារ។ ពលរដ្ឋដែលរងគ្រោះធម្មជាតិមួយនេះ បានសំណូមពរដល់អាជ្ញាធរស្រុក និងថ្នាក់ខេត្ត ជួយជាកម្លាំង ដើម្បីធ្វើការរុះរើ និងជួយរកទីសុវត្ថិភាពសម្រាប់ពួកគាត់ផ្ទេរលំនៅដ្ឋានផងដែរ។
ក្នុងឳកាសសំណេះសំណាល នាំយកអំណោយផ្តល់ជូន លោក រស់ សុខន នាយករងសាខាកាកបាទក្រហមខេត្ត និងលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកប្រធានគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជាខេត្ត តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក ទទួលរងគ្រោះមហន្តរាយនានា ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានជម្រាបជូនពលរដ្ឋរងផលប៉ះពាល់ទាំង២១គ្រួសារថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានត្រៀមរួចរាល់ហើយនូវកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដែលមានកង កម្លាំងទាំងបីនិងអាជ្ញាធរស្រុក ដើម្បីជួយរុះរើផ្ទះសម្បែង និងសាងសង់ជូនពលរដ្ឋឡើងវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង