សមត្ថកិច្ចមិនទាន់ចាប់ខ្លួនមុខសញ្ញាជនសង្ស័យជិះម៉ូតូ ប្រមាណជាង ១០ គ្រឿង បានឡើយ ក្រោយពួកគេធ្វើសកម្មភាពកាប់ និងវាយទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់
ខេត្តបាត់ដំបង៖ ករណីមនុស្សឃាតនេះ បានកើតឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅលើដងផ្លូវ ស្ថិតក្នុងក្រុមទី៤ ភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូប្រហែលជាង ១០ គ្រឿង ។
សមត្ថកិច្ច ស្រុកសំពៅលូន នៅមិនទាន់ចាប់ខ្លួនមុខសញ្ញាជនសង្ស័យជិះម៉ូតូ ប្រមាណជាង ១០ គ្រឿង បានឡើយ ក្រោយពួកគេធ្វើសកម្មភាពកាប់ និងវាយទៅលើជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។
សមត្ថកិច្ចបានអះអាងថា ជនសង្ស័យបានធ្វើការស្ទាក់កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានបាត់បងជីវិតក្រោយពេលបញ្ជូនជនរងគ្រោះដល់មន្ទីពេទ្យ។
ក្រោយធ្វើសកម្មភាពក្រុមជនបង្ក និងបក្ខពួកដែលមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់អស់ ហើយរហូតមកទល់និងពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនមុខសញ្ញាណាម្នាក់បានឡើយ ដោយកំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕