សម្តេចតេជោ ហ៊ុន សែន នឹងជួបសិស្សនិទ្ទេស A ទាំង ១៧៥៣នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ នៅរាជធានីភ្នំពេញ
(ក្រចេះ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត ១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចយកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ជួបសំណេះសំណាលដោយផ្ទាល់ជាមួយសិស្សនិទ្ទេស A ទាំង ១ ៧៥៣នាក់ និងអាណាព្យាបាលរបស់ពួកគេ នៅរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំកំណត់យកថ្ងៃទី២៨ ព្រោះបញ្ហាដែលត្រូវរង់ចាំ កុំអីជួបយូរហើយ ផ្តាំផ្ញើទៅក្មួយៗ ចៅៗ ដែលជាសិស្សនិទ្ទេស A កុំអីជួបយូរ ហើយ ក៏ប៉ុន្តែយើងអត់នឹកស្មានថា ដំណាក់កាលរៀនតាមអនឡាញ ហើយដំណាក់កាលកូវីដ ប៉ុន្តែបែរជាក្មេងៗ ចៅៗ របស់យើងប្រឡងជាប់និទ្ទេស A រហូតទៅដល់ ១៧០០នាក់ជាង ជិត១៨០០នាក់ ដែលកាលពីមុនត្រឹមតែ ៤០០នាក់ ទៅ៥០០នាក់ប៉ុណ្ណឹងទេ ចាប់តាំងពី១៦នាក់ ឡើងបណ្តើរៗ រហូតដល់លើកនេះឡើងជាង ១ពាន់នាក់ ចឹងក្រុមហ៊ុន ជីព ម៉ុង ជាក្រុមហ៊ុនមួយដែលតែងតែជួយឧបត្ថម្ភ i-Pad សម្រាប់ឱ្យកូនសិស្ស ត្រូវបញ្ជារទិញឱ្យគេផលិត ផលិតរួចហើយដូចជានាំមកដល់ស្រុកខ្មែរ នៅថ្ងៃទី២២ ចឹងខ្ញុំកំណត់ជួបសិស្សនិទ្ទេស A នៅថ្ងៃទី២៨»។
ពាក់ព័ន្ធនឹងការរៀបចំទទួលជួបសិស្សនិទ្ទេស A នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំបូងឡើយសម្តេចបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ ដោយគិតថា នឹងយកតែសិស្សនិទ្ទេស A តែអ្នកខេត្តកណ្តាល និងភ្នំពេញទេ ដើម្បីទៅជួយនៅទីក្រុងភ្នំពេញ ឯសិស្សនៅតាមបណ្តាខេត្តផ្សេងត្រូវធ្វើតាមអនឡាញ, ប៉ុន្តែដោយគិតថា ទាំងចៅហ្វាយខេត្ត ដែលបានឧបត្ថម្ភសិស្សនិទ្ទេស A ទាំងក្រុមការងារដែលចុះតាមបណ្តាខេត្ត ទាំងកូនសិស្ស ទាំងឱពុកម្តាយ ចង់ទៅទីក្រុងភ្នំពេញ ហើយសិស្ស ត្រឹមតែជាង ១៧០០នាក់ ថែមទាំងក្រុមគ្រួសារទៀត គឺអាចទទួលរៀបចំនៅភ្នំពេញបាន ទោះបីឥលូវនៅទីក្រុងភ្នំពេញ មេរោគអូមីក្រុង វាបានកើនឡើងបន្តិចក៏ដោយ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជារទៅកាន់ចៅហ្វាយខេត្តទាំងអស់ ត្រូវទទួលខុសត្រូវលើការជូនកូនសិស្ស និងឱពុកម្តាយកូនសិស្សទាំងអស់ ទៅកាន់ទីក្រុងភ្នំពេញ និងជួយចេញថ្លៃសណ្ឋាគារ ដើម្បីឱ្យកូនសិស្សពូកែ បានទៅជួបនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីក៏ចង់ជួបសិស្សពូកែទាំងអស់ ដើម្បីជាការ លើកទឹកចិត្តសម្រាប់ការរៀនសូត្រផងដែរ។
សូមបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥ ២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥ ៨៤៧នាក់), និទ្ទេស D មានចំនួន ២៣ ៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២នាក់)។
បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១ ៧៥៣ នាក់ ក្នុងនោះបេក្ខជនមកពីរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕