ទីផ្សារដំឡូងមីបានថ្លៃល្អគួរសមនៅឆ្នាំ ២០២២ នេះ ស្នើឈ្មួញកណ្ដាលកុំកាត់ខាតច្រើនពេក
កសិករដាំដំណាំដំឡូងមីឆ្នាំនេះ មានតម្លៃសមរម្យ តែក៏ត្រូវបានរងខូចខាតមួយចំនួន ដោយហ្វូងសត្វជ្រូកព្រៃ ចូលឈ្មូសស៊ីបំផ្លាញខូចខាតមួយចំនួនទៅហើយ តែពេលបានផលយកមកលក់ត្រូវឈ្មួញកណ្តាលអ្នកប្រមូលទិញ បានកាត់ខាតក្នុងមួយតោន ១០០ ទៅ ១២០គីឡូថែមទៀតដោយសំអាងថាដីច្រើន។
កសិករដាំដំឡូងមីនៅខេត្តសឹ្ទងត្រែងបានឱ្យដឹងថា ទីផ្សារដំឡូងមីបានថ្លៃល្អគួរសមនៅឆ្នាំ ២០២២ នេះ ហើយស្នើសុំដល់ឈ្មួញកណ្ដាលកុំកាត់ខាត ផ្នែកគីឡូច្រើនពេក ព្រោះទើបតែឆ្នាំនេះ ដំឡូងមានទីផ្សារល្អសម្រាប់កសិករ។ កាលពីឆ្នាំ ២០២០/២០២១ ដំឡូងមានតម្លៃ ១៥០ទៅ ១៨០រៀល កាត់ផ្នែកគីឡូតែ ៥០ ទៅ៦០គីឡូតែប៉ុណ្ណោះក្នុងមួយតោន វាជាការសមរម្យអាចទទួលយកបាន។
តែឆ្នាំ២០២២នេះ ដំឡូងមីស្រស់ក្នុងមួយគីឡូក្រាមលក់បានតម្លៃ ៣៧០ ទៅ៣៨០រៀលតែកាត់ខាតច្រើនពេក។ ចំណែកដំឡូងមីហាលស្ងួតបានថ្លៃ មួយគីឡូតម្លៃពី ៧៨០ ទៅ៨០០រៀលក៍កាត់ខាត ៣០ទៅ ៥០គីឡូដែរ ដោយដាក់កំហុសថាដំឡូងខ្លះខ្មៅ។
ឆ្នាំនេះដំឡូងមីមានតម្លៃខ្ពស់មែន ក្នុងនោះដំឡូងស្ងួតល្អលេខមួយ ៨០០រៀល ចំណែកដំឡូងស្រស់ ៣៨០ ទៅ៤១០រៀល ប្រសិនបើដំឡូងស្អាត និងកាត់ខាតផ្នែកជញ្ជីងតែ២៧ទៅ៣០គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយតោន។ ការកាត់ខាតច្រើនដល់ជាង ១០០គីឡូនោះ ព្រោះកសិករមួយចំនួនដកដំឡួងមកយកមកលក់ផ្ទាល់តែម្តង គឺដីជាប់ច្រើនមិនមែនអ្នកប្រមូលទិញចេះតែកាត់ខាតធ្វើបាបកសិករយើងនោះទេ។ ពួកគាត់អ្នកនាំចេញយកទៅលក់បន្តក៍ជួបភាពលំបាកដែរ ព្រោះនាំយកទៅប្រទេសវៀតណាម ត្រូវថៅកែកាត់ខាតក៍ច្រើនណាស់ដែរ គាប់ជួនពេលខ្លះ ថៅកែទំលាក់ថ្លៃក៍មានហើយពេលដឹកទៅដល់ហើយ ទោះក្នុងតម្លៃណាក៍ត្រូវតែលក់។
សូមបញ្ជាក់ថា ដំឡូងមីបច្ចុប្បន្នមានទីផ្សារល្អជាងឆ្នាំកន្លងមក បើប្រៀបធៀបទៅនិងឆ្នាំ២០២០/២០២១ ខុសត្រូវគ្នាក្នុងមួយគីឡូក្រាមរហូតដល់ទៅជិត ៣០០រៀល ដោយសារតែនៅប្រទេសវៀតណាម និងប្រទេសថៃការទទួលទិញមានកម្រិត និងជួបវិបត្តិជំងឺកូវីដ១៩ផង ហើយឆ្នាំ២០២២នេះការទទួលទិញមានស្ថានភាពល្អប្រសើរឡើងវិញ៕