អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញសេចក្តីបំភ្លឺ ៖ លោកសាស្រ្តាចារ្យជនជាតិអូស្រ្តាលីនៅបន្តជាប់ឃុំឃាំង នៅមីយ៉ាន់ម៉ា
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីបំភ្លឺមួយដោយប្រកាសថា ករណីលោកសាស្រ្តាចារ្យជនជាតិអូស្រ្តាលីនៅបន្តជាប់ឃុំឃាំង នៅមីយ៉ាន់ម៉ា នេះបើយោងតាមសេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់នេះ។
សេចក្តីបំភ្លឺរបស់ក្រសួងការបរទេសបានបញ្ជាក់ថា បន្ទាប់ពីការប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកនេះ ពាក់ព័ន្ធនឹងការដោះលែងលោកសាស្រ្តាចារ្យ សន ធើនណល ជនជាតិអូស្រ្តាលី ដែលជាប់ឃុំឃាំងនៅមីយ៉ាន់ម៉ា មានការស្វែងការបញ្ជាក់ជាច្រើនលើបញ្ហានេះ។
អ្នកនាំពាក្យក្រសួងការបរទេស សូមធ្វើការបំភ្លឺថា ការប្រកាសនេះគឺដោយសារការផ្តល់ព័ត៌មានខុស ហើយលោកសាស្រ្តាចារ្យ សន ធើនណល នៅបន្តជាប់ឃុំឃាំងដដែល។
ទោះបីជាហេតុការណ៍នេះកើតឡើងដោយអចេតនាក្តី អ្នកនាំពាក្យសូមរំលឹកថា នៅក្នុងកិច្ចពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងពីករណីលោកសាស្រ្តាចារ្យ សន ធើនណល ហើយទទួលបានការធានាពីនាយឧត្តមសេនីយ៍ជាន់ខ្ពស់ថា គាត់នឹងពិចារណាករណីនេះឡើងវិញ បន្ទាប់ពីដំណើរការតុលាការត្រូវបានបញ្ចប់៕