ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ៨នាក់ថែមទៀត បន្តរកឃើញវិជ្ជមានកូវីដ១៩, អ្នកប៉ះពាល់ជាមួយក្រុមបាតុករ សូមមកធ្វើតេស្ត
(ភ្នំពេញ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨នាក់ថែមទៀត។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន ទទួលបានបញ្ជាក់ថា «នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញបានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ ជាលទ្ធផលគិតត្រឹមម៉ោង១៧៖០០នាទី នៅល្ងាចថ្ងៃដដែលនេះ មានចំនួន០៨នាក់ បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន»។
ជាមួយគ្នានេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំក្រុមបាតុករទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។
ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយក្រុមបាតុករព្រមទាំងបងប្អូនបាតុករ ដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្តរក មេរោគតាមកន្លែងកំណត់ នៅរាជធានីភ្នំពេញ៕