ក្រសួងសាធារណការ និងមហាផ្ទៃ អញ្ជើញមន្ត្រីនគរបាលចរាចរណ៍មកបណ្តុះបណ្តាល ប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ ស្តីពី…..

ភ្នំពេញៈ កាលពីថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី ប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៥៧រូប ដើម្បីបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ជាចំណែកចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
វគ្គបណ្តុះបណ្តាលនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននេះ មានការចូលរួមពីសិក្ខាកាមមកពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈចំនួន១៥រូប ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៦រូប ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ១៥រូប ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ១១រូប សរុបទាំងអស់ចំនួន ៥៧រូប រួមជាមួយនឹងគ្រូបង្គោលចំនួន ៣ មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងគ្រូបង្គោលក្រុមហ៊ុនទ្រូម៉ាន់នី (True Money)។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការសម្របសម្រួលដោយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍អំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនៃកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៏ផ្លូវគោក ( Driver’s License Point Deduction and Fine Mobile App)តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា(POS)និងបង្ហាញនូវនីតិវិធីប្រតិបត្តិការគ្រប់គ្រងព័ត៌មានរក្សាទុកទិន្នន័យនៃការផាកពិន័យបទល្មើសចរាចរណ៍ដើម្បីឱ្យសិក្ខាកាមដែលជាមន្ត្រីនគរបាលចរាចរណ៍អាចប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែងបានផងដែរ។ការបង្កើតកម្មវិធីMobileAppនេះឡើងជាគំនិតផ្ដួចផ្ដើមមួយដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការរឹតបន្តឹងលើការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា កម្មវិធីដកពិន្ទុបណ្ណបើកបរនិងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថានភាពនៃបទល្មើសដូចជា ៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរ ត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថានភាពនៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នក បើកបរចង់បានបណ្ណបើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែល បណ្ណបើកបរត្រូវទុកជាមោឃៈ។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីលោកប៉ែនបូរាណអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលោកនាយឧត្តម សេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ តំណាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៕

អត្ថបទដែលជាប់ទាក់ទង