ស្ត្រីម្នាក់ កំពុងបណ្តើរកង់ឆ្លងផ្លូវ ត្រូវម៉ូតូបើកលឿន ជ្រុលទៅបុក បណ្តាលឱ្យស្ត្រីអ្នកជិះកង់ និងអ្នកជិះម៉ូតូដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់និងស្រាល៣នាក់
ភ្នំពេញ៖ កាលពី រសៀល ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២២ ស្ត្រីម្នាក់កំពុងបណ្តើរកង់ឆ្លងផ្លូវត្រូវម៉ូតូបើកលឿនមិនប្រយ័ត្នជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យស្ត្រីអ្នកជិះកង់និងអ្នកជិះម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់និងស្រាល៣នាក់នៅចំណុចស្ថានីយប្រេងឥន្ធនៈ PTT តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់បណ្តើរកង់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ខណៈឆ្លងមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 1D- 1100 ដឹកក្មេងម្នាក់ដើរលក់គ្រឿងម្ជូរ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកកង់ចំពីចំហៀងពេញទំហឹងបណ្តាលឱ្យកង់និងម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ស្រាលទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ សមត្ថកិច្ចបានចុះមកដល់ចំណុច កើតហេតុធ្វើការគូសវាសនិងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕