តំណាងអយ្យការ សម្រេចចោទប្រកាន់ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍៣នាក់ពីបទ «រារាំងការអនុវត្តវិធានការ»

(ភ្នំពេញ)៖ លោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្រេចចោទប្រកាន់ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន៣នាក់ ពីបទរារាំងការអនុវត្តវិធានការ ដោយអនុលោមតាមមាត្រា១១ នៃច្បាប់ស្តីការប្រឆាំងនឹង ការរីករាលដារជំងឺកូវីដ១៩។
ក្រុមបាតុករទាំង៣នាក់នេះ រួមមានទី១៖ ឈ្មោះ ជួប ចាន់ណាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ទី២៖ ឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា និងទី៣៖ ឈ្មោះ សៅ សម្បត្តិ ដែលពួកគេត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង៧៖៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ទាំង៣នាក់ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ហើយបន្ទាប់ពីធ្វើការចោទប្រកាន់រួច តំណាងអយ្យការបានបញ្ជូនជនត្រូវចោទទាំង៣ ទៅកាន់ចៅក្រមស៊ើបសួរបន្តតាមនីតិវិធី។
លោកវរៈសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា ការឃាត់ខ្លូនពួកគេទាំង៣នាក់នេះ ធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមេត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោកអះអាងថា ករណីដូចគ្នានេះ ពេលនេះកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមស្វែងរកដើម្បីនាំខ្លួន អតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៤នាក់ទៀតផងដែរ ក្នុងនោះរួមមានឈ្មោះ៖ ទី១៖ ខេង ចិន្តា (ស្រី), ទី២៖ អ៊ុក សុភ័ក្រម៉ូលីកា (ស្រី) , ទី៣៖ ម៉េង កាន់នីកា (ស្រី) និងទី៤៖ អេង ស្រីបូ (ស្រី)។
យោងតាមមាត្រា១១ នៃច្បាប់់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបញ្ជាក់អំពីបទរារាំងដល់ការអនុវត្តវិធានការ បានចែងថា៖ អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានចេញស្របតាមច្បាបនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០រៀល ទៅ ១០,០០០,០០០រៀល។
មាត្រាដដែល ក៏បានបញ្ជាក់បន្ថែមថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០ ទៅ ២០,០០០,០០០រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ខ្លួនទើបតែបន្តរកឃើញករណីវិជ្ជមានមេរោគកូវីដ១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨នាក់ថែមទៀត ខណៈដែល បាតុករជាង៣០នាក់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩ អំឡុងធ្វើបាតុកម្មកន្លងមកនេះ។
សូមបញ្ជាក់ថា កាលពីដើមខែមករា កន្លងទៅ តុលាការក្រុងភ្នំពេញក៏បានសម្រេចឃុំខ្លួន ក្រុមអ្នកតវ៉ាចំនួន៨នាក់ ករណីញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ា នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ចោទប្រកាន់ដូចគ្នាពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងនោះរួមមាន៖ ១.ឈឹម ស៊ីថរ, ២.រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហៃ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន និងទី៨. សុខ ណារិទ្ធផងដែរ៕

អត្ថបទដែលជាប់ទាក់ទង