រដ្ឋមន្រ្តីក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលកិច្ចប្រជុំធ្វើបទ បង្ហាញរបស់តំណាងសមាគមន៍ជប៉ុន-កម្ពុជា ស្តីពីវិធានការការពាររាជធានីភ្នំពេញពីជំនន់ស្ទឹងព្រែកត្នោត និងជំនន់នៃទឹកទន្លេមេគង្គ
(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំសម្របសម្រួលកិច្ចប្រជុំធ្វើបទបង្ហាញរបស់តំណាងសមាគមន៍ជប៉ុន-កម្ពុជា ស្តីពីវិធានការ ការពាររាជធានីភ្នំពេញពីជំនន់ស្ទឹងព្រែកត្នោត និងជំនន់នៃទឹកទន្លេមេគង្គ។
កិច្ចប្រជុំនេះមានការអញ្ជើញពីអស់លោក លោកស្រី ជាតំណាងមកពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងប្រធានអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួង តាមរយៈការចូលរួមប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធ ZOOM។
ជាកិច្ចស្វាគមន៍ពេលបើកកិច្ចប្រជុំ លោករដ្ឋមន្រ្តី លឹម គានហោ ក្នុងនាមជាក្រសួងជំនាញ បានថ្លែងអំណរគុណចំពោះលោក Koji Kanzaki ជាមិត្តភ័ក្រ្តចាស់ ដែលមានបទពិសោធន៍ច្រើនលើការងារធ្វើទំនប់ និងផ្លូវ ដោយលោកចាប់ផ្តើមមកកម្ពុជាក្នុងទស្សវត្សន៍៦០ ក្នុងនាមជាអ្នកបច្ចេកទេសក្នុងការកសាង ទំនប់ទឹកស្ទឹង ព្រែកត្នោត នៅក្នុងខេត្តកំពង់ស្ពឺ។
លោករដ្ឋមន្រ្តី បានលើកឡើងអំពីការគ្រប់គ្រងធនធានទឹក ដែលក្រសួងបានអនុវត្តមកទល់ពេលនេះ និងផែនការចំពោះមុខក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសគឺវិធានការ ការពាររាជធានី ភ្នំពេញពីជំនន់ស្ទឹងព្រែកត្នោត និងជំនន់នៃទឹកទន្លេមេគង្គ ដែលតែងតែជួបប្រទះនាពេលកន្លងមក។
នៅក្នុងបទឧទ្ទេសនាមជូនដល់អង្គប្រជុំ លោក ខូជិ ខាន់សាគិ បានជម្រាបអំពីសំណើជាវិធានការដែលត្រូវ គិតគូរដើម្បីគ្រប់គ្រងទឹកជំនន់ ដែលតែងបានជួបប្រទះនាពេលកន្លងមក ឲ្យមានប្រសិទ្ធភាពសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ និងការខូចខាតបណ្តាលមកពីទឹកជំនន់ នៅស្ទឹងព្រែកត្នោត រួមទាំងជំនន់មេគង្គផងដែរ។
បន្ទាប់ពីបានស្តាប់នូវបទឧទ្ទេសនាម និងមតិចំណាប់អារម្មណ៍របស់លោករដ្ឋមន្រ្តី ដែលបានគូសបញ្ជាក់អំពីបញ្ហាដែលបានលើកឡើង និងការងារក៏ដូចជាផែនការរបស់ក្រសួង បាននិងកំពុងអនុវត្ត និងគ្រោងអនុវត្តនាពេលខាងមុខ អង្គប្រជុំបានវាយតម្លៃខ្ពស់អំពី៖
*ទី១៖ លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានឧទ្ទេសនាម ដែលនោះជាធាតុចូលសំខាន់
*ទី២៖ សមិទ្ធផលលើវិស័យធនធានទឹកដែលសម្រេចបានមកដល់បច្ចុប្បន្ន និងផែនការចំពោះមុខ ដើម្បីការគ្រប់គ្រងធនធានទឹកកាន់តែមានប្រសិទ្ធភាព បង្ការ និងប្រើប្រាស់ទឹកជំនន់ សម្រាប់ជាប្រយោជន៍ទ្រទ្រង់ ដល់ជីវិតរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីប្រសិទ្ធភាព និងជោគជ័យក្នុងការគ្រប់គ្រងទឹកជំនន់ គឺពឹងអាស្រ័យលើឆន្ទៈរួមគ្នា ធនធាន ប្រតិបត្តិការ និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។ សូមជម្រាបថា ពាក់ព័ន្ធនឹងការគ្រប់គ្រងជំនន់ ស្ទឹងព្រែកត្នោត ក្រសួងបានធ្វើការសិក្សារួចរាល់ផងដែរ ហើយបច្ចុប្បន្ន ទំនប់ស្ទឹងព្រែកត្នោតមួយផ្នែកត្រូវបានភាគីមិត្តចិន បាន និងកំពុងធ្វើការស្តារផងដែរ។
សូមជម្រាបថា លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនរបស់ជប៉ុន សិក្សារកវិធីបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត ដែលតែងតែគំរាមកំហែងដល់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សំណើរបស់លោក Takahashi Fumaiki បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានណែនាំលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាំលោក Takahashi Fumaiki ជួបរដ្ឋមន្ត្រីក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញគម្រោងសិក្សាការបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត។
សូមបញ្ជាក់ថា ស្ទឹងព្រែកត្នោតដែលហួរកាត់ពីជួរភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ កាត់តាមខេត្តកណ្តាល និងរាជធានីភ្នំពេញនោះ កាលពីឆ្នាំ២០២០ បានបង្កនូវការជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ ហើយឆ្នាំ២០២១ ក៏បានជន់លិចដែរតែមិនធ្ងន់ធ្ងរដូចឆ្នាំ២០២០នោះឡើយ៕