ករណីកូនក្រមុំ បានរត់ចោលកូនកំលោះ នៅថ្ងៃយប់ផ្សំដំណេក គឺនៅតែគ្មានដំណឹង
ខេត្តព្រៃវែង ៖ នៅថ្ងៃទី១០ កុម្ភៈ ២០២២ នេះ ករណីកូនក្រមុំបានរត់ចោលកូនកំលោះនៅថ្ងៃយប់ផ្សំដំណេក គឺនៅតែគ្មានដំណឹងនៅឡើយ ដោយសារតែទូរស័ព្ទរបស់នាងត្រូវបានបិទទាំងអស់គ្នា ហើយក្រុមគ្រួសារក៏កំពុងតាមស្វែងរកផងដែរ ។
សូមរំលឹកថា ហេតុការណ៍កូនក្រមុំរត់ចោលកូនកំលោះនេះ គឺបានកើតឡើងកាលពីយប់ថ្ងៃទី៨ កុម្ភៈ ស្ថិតនៅផ្ទះកូនក្រមុំ ក្នុងភូមិប្រស្រែលិច ឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។ សមត្ថកិច្ចបានអោយដឹងទៀតថា កូនក្រមុំដែលរត់ចោលកូនកំលោះមានឈ្មោះ វៃ វិច្ចរ៉ា អាយុ១៧ឆ្នាំ ចំណែកកូនកំលោះដែលត្រូវកូនក្រមុំរត់ចោលនោះ មិនត្រូវបានគេបញ្ជាក់ប្រាប់ពីអត្តសញ្ញាណ ។
មូលហេតុនៃការបាត់ខ្លួនរបស់កូនក្រមុំនេះ គ្មាននរណាបានដឹងនោះទេ ក្រុមគ្រួសារនាងបានត្រឹមបញ្ជាក់ថា ពេលរៀបចំពិធីមង្គលការ នាងជាកូនក្រមុំមិនមានអាការៈអ្វីខុសប្លែកទេ លុះដល់យប់ផ្សំដំណេក ក៏ស្រាប់តែបាត់មនុស្សតែម្តង ហើយក៏មិនដឹងថា នាងចេញទៅតែម្នាក់ឯង ឬទៅជាមួយអ្នកនោះដែរ ។ ទាំងក្រុមគ្រួសារកូនក្រមុំ និងខាងកូនកំលោះ គឺមិនបញ្ជាក់អោយបានច្បាស់ពីមូលហេតុនៃការបាត់ខ្លួនកូនក្រមុំទេ គឺគ្រាន់តែស្នើសុំអោយខាងសមត្ថកិច្ច ជួយស្រាវជ្រាវរកនាងមកវិញប៉ុណ្ណោះ ៕