បទល្មើសកាប់ឈើដឹកជញ្ជូនឈើ ពីតំបន់ព្រៃឡង់ ស្រុកសំបូរ មានសភាពកាន់តែខ្លាំងជាងមុន
ក្រចេះ ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីអំឡុងចុងខែមករា រហូតមកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នា២០២២ នេះសកម្មភាពក្រុមឈ្មួញកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់កើតឡើងយ៉ាងពេញទំហឹង។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្នុងមួយថ្ងៃៗមានគោយន្តរាប់សិបគ្រឿងដឹកជញ្ជូនឈើចេញពីព្រៃឡង់ ចូលក្នុងទីតាំងក្រុមហ៊ុនស៊ីមបាយអូថេក ហើយមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់ឡើយ។ ជាពិសេសលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ កំពុងបណ្តោយឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ ស្រុកសំបូរ ធ្វើអ្វីៗតាមអំពើចិត្តក្នុងខណៈដែលព្រៃឡង់កំពុងប្រឈមនឹងសេចក្តីវិនាសក្នុងពេលឆាប់ៗខាងមុខ។
ចំណែកប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីអំឡុងថ្ងៃទី២៦ ខែមករា មកដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មួញសម្រុកកាប់ឈើ និងដឹកជញ្ជូនឈើឈ្លីក (ឃ្លុម) ចេញពីព្រៃឡង់ចូលទីតាំងក្រុមហ៊ុមស៊ីមបាយអូថេក យ៉ាងរលូន។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ជាបន្ទាន់។ ទន្ទឹមនឹងនេះក៏មានការជំរុញឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើ នៅស្រុកសំបូរ ខេត្តក្រចេះ ផងដែរ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា បើសរុបចំនួនគោយន្ត ដឹកជញ្ជូនឈើចេញពីព្រៃឡង់ ចូលទីតាំងក្រុមហ៊ុន ស៊ីមបាយអូថេក គឺមានប្រមាណ៣៥០គ្រឿង ដែលជាហេតុធ្វើឲ្យព្រៃឡង់រងការបំផ្លាញយ៉ាងមហន្តរាយ។ ប្រភពបានបញ្ជាក់ថា រយៈពេលមួយសប្តាហ៍ចុងក្រោយនេះសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ មានការកើតឡើងយ៉ាងគំហុក ព្រោះក្រុមមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ មិនបង្ក្រាបបទល្មើសព្រៃឈើនោះទេ។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរបណ្តែតបណ្តោយតទៅទៀតឡើយ ហើយក៏មិនគួរជឿតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដែរ ព្រោះប្រភពខ្លះបានបង្ហើបឲ្យដឹងថា លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ជាមេខ្លោងធំនៅពីក្រោយបទល្មើសបំផ្លាញព្រៃឈើក្នុងព្រៃឡង់៕