គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកកន្ទុយរថយន្ត បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់
ពោធិ៍សាត់: កាលពីថ្ងៃពុធ ៨កើត ខែបុស្យ ឆ្នាំឆ្លូវត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបញ្រ្ចាសទិស មិនប្រកាន់ស្ដាំបានជ្រុលចង្កូតទៅមុខបុក និងកន្ទុយរថយន្ត បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវហាមឃាត់គន្លងខាងជើង ចន្លោះគីឡូម៉ែត្រលេខ២១៤–២១៥ ស្ថិតនៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុគេឃើញមានម៉ូតូ ០១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-6230 បើកបរដោយបុរសឈ្មោះ ដន សាវឿន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិពេជចង្វា ឃុំឬស្សីក្រាំងស្រុកមោងឬស្សី ខេត្តបាត់ដំបង (រងរបួសធ្ងន់) បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុខាងលើ បានជ្រុលចង្កូតទៅមុខបុក និងកន្ទុយរថយន្តយ៉ាងពេញទំហឹងជាមួយនឹងរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ស ស្លាកលេខ កំពង់ចាម 3A-7188 បើកបរដោយបុរសឈ្មោះ គៀត មុនី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិភ្នំឌិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម (គ្មានរងរបួស) ដោយឃើញអ្នកបើកបរម៉ូតូជិះបញ្ច្រាស់ទិសមិនប្រកាន់ស្ដាំនៅខាងមុខ តៃកុងឡានបានស៊ីផ្លេហើយគេចក្បាលរថយន្តផុតទៅជើង អ្នកបើកបរម៉ូតូក៏ជ្រុលចង្កូតទៅមុខប៉ះនឹងកន្ទុយរថយន្ត បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ រងរបួសបាក់ជើងខាងស្ដាំ។
ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។
សន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាបើកបរបញ្រ្ចាស់ទិសមិនប្រកាន់ស្ដាំបើកបរលើគន្លងផ្លូវហាមឃាត់ រីឯម៉ូតូនិងរថយន្តសមត្ថកិច្ចយើងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង រង់ចាំការដោះស្រាយតាមនីតិវិធី៕