សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយប្រធានរដ្ឋសភាជាតិកូរ៉េ
ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយឯកឧត្តម Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលសម្ដេចតេជោ និងគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ពិធីលៀងសាយភោជន៍ដែលប្រារព្ធធ្វើឡើងនៅនិវេសនដ្ឋានរបស់ឯកឧត្តមប្រធានសភានេះ ឯកឧត្តម Park Byeong-Seung មានប្រសាសន៍ សម្ដែងការចូលរួមអបអរសាទរ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ដ៏មានកិត្យានុភាពបំផុត ពោលគឺស័ក្តិសមទៅនឹងគុណតម្លៃ និងមហាពលីកម្ម សាច់ស្រស់ឈាមស្រស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។
នៅក្នុងពិធីលៀងសាយភោជន៍នោះដែរ ឯកឧត្តមប្រធានរដ្ឋសភា កូរ៉េ និងសម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋសភាកូរ៉េដែលបានគាំទ្រនូវគម្រោងនានាដែលប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េបានស្នើឲ្យរដ្ឋសភាធ្វើការគាំទ្រ និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- កូរ៉េ ។
សម្ដេចតេជោ និងឯកឧត្តមប្រធានសភាកូរ៉េ ក៏បានពិភាក្សាលើបញ្ហាជាច្រើនទៀត ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ពិសេសការជួយគ្នាទៅវិញទៅមក ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមទាំងបញ្ហាជាច្រើនទៀតដែលបម្រើឲ្យតម្រូវការរបស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕