លោកសាយសំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវដល់គ្រប់ផ្នែកទាំងអស់រួមសហការគ្នាបង្កើនប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សដែនជម្រកសត្វព្រៃ

សៀមរាប ៖ «សូមបងប្អូនជាមន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធបន្តរួមសហការគ្នាឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការ ពារធម្មជាតិ និងរបៀងអភិរក្សចម្រុះរបស់កម្ពុជា»។ នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្នុងនោះរួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។
ការចុះពិនិត្យលើការងារគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះរបស់ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងបរិស្ថាន ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តឧត្តរមានជ័យដឹកនាំដោយលោក ប៉ែន កុសល អភិបាលខេត្តឧត្តរ មាន ជ័យ ព្រមទាំងមន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិផងដែរ។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ ថា ការអភិរក្សធនធានធម្មជាតិបានគង់វង្សត្រូវផ្សារភ្ជាប់នឹងការបង្កើតសេដ្ឋកិច្ច នៅមូលដ្ឋានតាមរយៈការលើក ស្ទួយជីវភាពសហគមន៍ដោយការជំរុញលើការចិញ្ចឹមសត្វ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងកត្តារួមផ្សំផ្សេងៗ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូក៏បានចូលរួមដាំដើមឈើជាអនុស្សាវរីយ៍នៅសួនឈើប្រណីតក្នុង ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នផងដែរ។ សូមបញ្ជាក់ថាខេត្តឧត្តរមានជ័យមានតំបន់ការពារធម្មជាតិចំនួ០៣ មានផ្ទៃដីសរុប ១៩១.៤០៣ ហិកតា ក្នុងនោះរួមមាន៖ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នមានផ្ទៃដីទំហំ ៣០.២៥៤ ហិកតា តំបន់ការពារទេសភាពបន្ទាយឆ្មារមានផ្ទៃដីទំហំ ៣៨.៥០៦ ហិកតា និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ១២២.៦៤៣ ហិកតា ព្រមទាំងរបៀងអភិរក្សជីវចម្រុះឧត្តរមានផ្ទៃដីទំហំ ៣៧.៦៩៦ ហិកតា៕

 

អត្ថបទដែលជាប់ទាក់ទង