សម្ដេចតេជោ ហ៊ុន សែន លើកពេលជួបសិស្សនិទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយការរីករាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសលើកពេលជួបសិស្សនិទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុន ទៅពេលក្រោយវិញ។ ការប្រកាសលើកពេលបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺដោយសារការឆ្លងរីករាលដាលខ្លាំងរបស់ជំងឺកូវីដ១៩ ប្រភេទអូមីក្រុង នៅរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook បានលើកឡើងទៀតថា រក្សាជីវិត និងសុខភាព គឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។ រក្សាបានជីវិត និងមានសុខភាពល្អមិនខ្វះទេពេលវេលា នៃការជួបជុំ។ សម្ដេចសង្ឃឹមថា សិស្សនិទ្ទេស A ទាំងអស់ និងក្រុមគ្រួសារនឹងមានការយោគយល់នូវការលំបាកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា «ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថាអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ ដើម្បីសុវត្ថិភាពសម្រាប់ចៅៗ សិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេល នៃការជួបជុំជាមួយសិស្សនិទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភៈ ២០២២ ទៅពេលក្រោយវិញ។ រក្សាជីវិត និងសុខភាព គឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។ រក្សាបានជីវិត និងមានសុខភាពល្អមិនខ្វះទេពេលវេលា នៃការជួបជុំ។ សង្ឃឹមថាចៅៗ និងក្រុមគ្រួសារនឹងមានការយោគយល់នូវការលំបាកនេះ» ៕