ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ ចាប់ឆ្នោតយកដីឡូតិ៍នៅចំណុចបឹង៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយការដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃតាមបែបឈ្នះឈ្នះ
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចាប់ឆ្នោតយកលេខក្បាលដីឡូតិ៍នៅចំណុចបឹង៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយការដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃ តាមបែបឈ្នះឈ្នះរបស់ក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត តំណាងអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
ពិធីចាប់ឆ្នោតយកលេខក្បាលដីឡូតិ៍ជូនប្រជាពលរដ្ឋនៅចំណុចបឹង៧៥ ជាង១ពាន់គ្រួសារនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដោះស្រាយវិវាទតាមបែបឈ្នះឈ្នះ លោក សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ទេព ឃុនណាល់ ទីប្រឹក្សាសម្តចតេជោនាយករដ្ឋមន្ត្រីលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់លោក ហោ សិរីវឌ្ឍន៍ អនុប្រធានយុវជនគណគ្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ប៉ាន់ ខែមវឌ្ឍនា សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកប្រធានសាលាដំបូងខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ទីចាត់ការអន្តរវិស័យសាលាខេត្ត ក្រុមប្រឹក្សា និងរដ្ឋបាលស្រុកម៉ាឡៃ កងកម្លាំងមានសមត្ថកិច្ច ក្រុមប្រឹក្សា និងរដ្ឋបាលឃុំទួលពង្រ ព្រមទាំងក្រុមការងារពាក់ព័ន្ធ អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋសរុបជាង១ពាន់នាក់។
ប្រជាពលរដ្ឋដែលទទួលបានលេខក្បាលដីឡូតិ៍ បានសម្តែងក្តីរំភើបសប្បាយរីករាយ ចំពោះដំណើរការដោះស្រាយតាមបែបឈ្នះឈ្នះរបស់ក្រុមការងារ ហើយបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ក្នុងឱកាសនោះក្រុមការងារក៏បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ចែកជូនលោកយាយលោកតាចាស់ជរា និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ ដោយ១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ ទឹកត្រី១យួរទឹកស៊ីអ៊ីវ ១យួរ និងថ្នាំព្យាបាលជំងឺ១កញ្ចប់៕