បុរសម្នាក់ បានខ្ចីរថយន្តមិត្តភក្កិ បើកឡើងខឿនផ្លូវ ជ្រុលបុកស្លាកសញ្ញាចរាចរណ៍មួយដើម រួចបន្តទៅបុកបង្កាន់ដៃស្ពានអាកាស ៥ មករា បណ្ដាលឲ្យដាច់កង់ខាងមុខម្ខាង
ភ្នំពេញ៖ កាលពី យប់ថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចស្ពានអាកាស ៥ មករា ផ្លូវក្រោមដី តាមបណ្តោយផ្លូវ ២៨៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្តារពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-9022ធ្វើដំណើតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទៅដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃ ទៅផ្លូវ ២៩៨ ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលឡើងខឿនផ្លូវទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកបង្កាន់ដៃស្ពានអាកាសផ្លូវក្រោមដីពេញទំហឹងបណ្ដាលឲ្យរថយន្តដាច់កង់ខាងមុខម្ខាង រងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។ភ្លាមនោះតៃកុងរថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់ មួយសន្ទុះក្រោយមកឃើញបុរសម្នាក់បានមកដល់កន្លែងកើតហេតុ ហើយបានអះអាងថាជាម្ចាស់រថយន្ត និងបានប្រាប់ថារថយន្តរបស់គាត់ត្រូវបានមិត្តភ័ក្រខ្ចីបើក។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕