មនុស្សពីរនាក់បានស្លាប់ និងរបួសធ្ងន់ដោយសារតែរថយន្តធំពីរគ្រឿងបុកគ្នា លើផ្លូវជាតិលេខ៤

ព្រះសីហនុ: នៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សពីរនាក់បានស្លាប់ និងរបួសធ្ងន់ដោយសារតែរថយន្តធំពីរគ្រឿងបុកគ្នា លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ភូមិបឹងត្រាច ឃុំចំការ ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
រថយន្តដឹកប្រេង លឹម ឡុង ម៉ាក INTERNATIONAL ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣C ៨៣៥៣ បើកទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ មិន សុភា ភេទប្រុស អាយុ២៩ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។
ក្នុងរថយន្តនោះមាន អ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ សៀងហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុបានរបួសធ្ងន់។
ចំណែករថយន្តមួយគ្រឿងទៀត បើកបរទិសដៅផ្ទុយគ្នា ជារថយន្តដឹកទំនិញ រថយន្តម៉ាក FUSO សណ្តោងរ៉ឺម៉កពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ ៣F ៩៣៦៧ អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។ សមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថបានចុះអន្តរាគមន៍សម្រួលចរាចរណ៍ នាំអ្នករបួសទៅមន្ទីរពេទ្យ និងបន្តដោះស្រាយតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង