មេពូជសុនខហិតមីនរបស់កម្ពុជា កើតកូនបាន៤សម្បុក សរុបចំនួន៣៤ក្បាល មានសុខភាពល្អ អាចហ្វឹកហ្វឺនឲ្យក្លាយជាអ្នកចម្បាំងដោះគ្រាប់មីន

ភ្នំពេញ ៖ យោងតាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ កុម្ភៈ ឆ្នំា២០២២នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថា ចាប់ផ្តើមសប្តាហ៍នេះមេពូជសុនខកើតបាន៤សម្បុកបានកូនសុនខ ចំនួន៣៤ក្បាល ដែលមានសុខភាពល្អ និងអាចហ្វឹកហ្វឺនឱ្យក្លាយជាអ្នកចម្បាំង ដើម្បីសុខសុវត្ថិភាពសង្គមមនុស្ស ។
មេពូជសុនខហិតមីនរបស់កម្ពុជា កើតកូនបាន៤សម្បុក សរុបចំនួន៣៤ក្បាល ហើយក៏មានសុខភាពល្អ អាចហ្វឹកហ្វឺនឲ្យក្លាយជាអ្នកចម្បាំងដោះគ្រាប់មីនផងដែរ ។
សូមបញ្ជាក់ថា សុនខហិតមីនត្រូវបានបង្កើតឡើង និងនាំចូលផ្តល់កា រគាំទ្រដល់អង្គភាពស៊ីម៉ាក់ ដោយកងទ័ពប្រទេសស៊ុយអ៊ែត កាលពីឆ្នាំ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោង នៅឆ្នាំ២០០២ ។ ប៉ុន្ដែស៊ីម៉ាក់ បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូនៃកម្មវិធីសុនខហិតមីន ចាប់ពីឆ្នាំ២០០២ រហូតទទួលបានភាពជោគជ័យ និងរឹងមាំតែម្ដង នៅអំឡុងឆ្នាំ២០១៦ ។

ស៊ីម៉ាក់ បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិ និងគាំទ្រកិច្ចប្រតិបត្តិការក្នុងប្រទេសផងដែរ ។ សុនខហិតមីន បាន និងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងរំដោះផ្ទៃដីដែលមានមីននៅក្នុងប្រទេសកម្ពុជា ។ សុនខ មានជំនាញហិតមីនដែលកប់ដី និងសារធាតុផ្ទុះផ្សេងៗ ។
សុនខហិតមីន មិនត្រឹមតែជួយដល់ការងាររបស់ស៊ីម៉ាក់ ប៉ុណ្ណោះទេ ថែមទាំងចូលជាមួយ សមត្ថកិច្ចក្នុងការស្រាវជ្រាវរកនូវសារធាតុញៀន និងរកនូវជនសង្ស័យជាដើម ។
អគ្គនាយកស៊ីធ្លាប់បានបញ្ជាក់ថា ស៊ីម៉ាក់មានផែនការច្បាស់លាស់ក្នុងការរំដោះតំបន់ចម្ការមីនដែលមានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិចំនួនជាង៧០៧គីឡូម៉ែត្រក្រ ឡាស្មើនឹងប្រមាណជិត៩០% នៃទំហំផ្ទៃដីនិងចំនួនចម្ការមីនដែលនៅសល់ នោះត្រឹមចុងឆ្នាំ២០២៥ ។
ជាក់ស្តែងក្នុងឆ្នាំ២០២២នេះ អង្គភាពស៊ីម៉ាក់មានផែនការសំរេចបោសសំអាតចម្ការមីនចំនួនជាង១៥០គីឡូម៉ែត្រក្រឡា និងចម្ការគ្រាប់បែកចង្កោមជាង៦០គីឡូម៉ែត្រក្រឡាផងដែរ ។
អង្គភាពស៊ីម៉ាក់បានទទួល ការប្តេជ្ញាចិត្តពីរដ្ឋាភិបាលជប៉ុន ចិន UNDP និងសហរដ្ឋអាមេរិក ព្រមទាំងដៃគូដទៃទៀតបានគាំទ្រដល់ផែនការយុទ្ធសាស្ត្ររបស់អង្គភាពស៊ីម៉ាក់ពីពេលនេះ (២០២២) ដល់ចុងឆ្នាំ២០២៥ ។ ករណីដែលអង្គភាពស៊ីម៉ាក់អាចរំដោះផ្ទៃដីប្រមាណ៩០%បានសំរេចតាមផែនការ ដោយសហការជាមួយកងយោធខេមរភូមិន្ទនោះប្រតិបត្តិករផ្សេងៗរួមមានអង្គការដោះមីនអន្តរជាតិអាចជួយសំរេច តែ១០%ជាមួយគ្នាអាចជួយរាជរដ្ឋាភិបាលសំរេចអណត្តិរបស់ខ្លួនស្របតាមអនុសញ្ញាអន្តរជាតិ Ottawa ខានតែបានត្រឹមចុងឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង