ល្បីម្ដុំផ្សារឃ្លាំងរំសេវ នៅរាជធានីភ្នំពេញ បានក្លាយទៅជាកន្លែងទទួលផលចោរកម្ម?
ភ្នំពេញ៖ ក្រុមចោរដែលបានធ្វើសកម្មភាពលួចឬប្លន់ម៉ូតូបានសម្រេច តែងតែយកម៉ូតូទាំងអស់នោះទៅបញ្ចាំនៅម្ដុំផ្សារឃ្លាំងរំសេវ ដោយសារតែកន្លែងបញ្ចាំទាំងនោះ មិនត្រូវការឯកសារអ្វីទាំងអស់ ពោលគឺឲ្យតែមានម៉ូតូគឺអាចបញ្ចាំបានគ្រប់ពេលវេលា២៤ម៉ោងលើ២៤ម៉ោង ។
មជ្ឈដ្ឋានមួយចំនួន លើកឡើងថា ម្ដុំផ្សារឃ្លាំងរំសេវ នៅរាជធានីភ្នំពេញ បានក្លាយទៅជាកន្លែងទទួលផលចោរកម្ម ដុះស្លែជាយូរណាស់មកហើយ ពោលគឺទទួលបញ្ចាំម៉ូតូពីជនមិនស្គាល់អត្តសញ្ញាណ ឬ ក៏មិនមានឯកសារបញ្ជាក់ថាខ្លួនជាម្ចាស់ម៉ូតូនោះទេ ។
ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ដែលទើបត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួនបាន បានសារភាពថា ម៉ូតូដែលគេបានលួចពីជនរងគ្រោះ គឺ បានយកទៅបញ្ចាំនៅម្ដុំផ្សារឃ្លាំងរំសេវបានចំនួន២០០ដុល្លារ ។
ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ទើបត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចយកម៉ូតូរបស់ជនរងគ្រោះដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចមុខផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបាន បញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សួន ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ កៀក ប៊ិន ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម ។
យោងតាមសមត្ថកិច្ច បានអោយដឹងទៀតថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានចតម៉ូតូទុកនៅមុខបន្ទប់ជួលរបស់ខ្លួន ដោយមិនបានដកសោរចេញពីម៉ូតូទេ រួចហើយក៏បានដើរចូលទៅក្នុងបន្ទប់ជួល ហូបបាយនិងដេកលេង ។ ជនសង្ស័យក៏បានធ្វើសកម្មភាពលួចបញ្ឆេះម៉ូតូ ជិះគេចបាត់ទៅ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយបានយកម៉ូតូនេះទៅបញ្ចាំនៅម្ដុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន២០០ដុល្លារ ។ ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕