បុរសម្នាក់បានដើរលើដងផ្លូវសុខៗ ខណៈឃើញមានរថយន្តធុនធំ បើកឆ្លងកាត់ ក៏ស្ទុះរត់ចូលក្រោមរថយន្ត បណ្តាលឱ្យរថយន្តកិនស្លាប់ភ្លាមៗ
ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បុរសម្នាក់បានដើរលើដងផ្លូវសុខៗខណៈឃើញមានរថយន្តធុនធំបើកឆ្លងកាត់ក៏ស្ទុះរត់ចូលក្រោមរថយន្តបណ្តាលឱ្យរថយន្តកិនស្លាប់ភ្លាមៗ នៅផ្លូវបេតុងក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះពៅ ពេជ្រ ភេទប្រុសអាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ ធ្វើដំណើរដោយជើងក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តធុនធំមួយគ្រឿងមិនចាំស្លាកលេខ បើកក្នុងទិសដៅពីកើតទៅលិច រំពេចនោះស្រាប់តែជនរងគ្រោះបានហក់ចូលទៅក្រោមកង់រថយន្តផ្នែកខាងក្រោយកិនស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។
ជនរងគ្រោះមានវិបតិ្តផ្លូវចិត្តដើរតែផឹកស្រាមិនធ្វើការអ្វីនោះទេ។ ក្រោយកើតហេតុរថយន្តបានបន្តដំណើរទៅមុខបាត់ស្រមោល ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕