សុំឱ្យអាជ្ញាធរពន្លឿនការចេញប័ណ្ណកម្មសិទ្ធដី ជូនពួកគាត់ នៅកំពង់ឆ្នំាង
កំពង់ឆ្នំាង ៖ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នំា២០២២នេះ ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា ដីនេះមន្ត្រីជំនាញបានចុះធ្វើការវាស់វែង ចុះបញ្ជីដី ជាលក្ខណៈប្រព័ន្ធ ហើយពួកគាត់ក៏បានចូលរួមអនុវត្តតាមគោលការណ៍ របស់មន្ត្រីជំនាញចប់សព្វគ្រប់ហើយដែរ។ ប៉ុន្តែប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីភាគច្រើនបានទទួលប័ណ្ណកម្មសិទ្ធរួចហើយ ដោយឡែកពួកគាត់ជាង៣០គ្រួសារ នៅមិនទាន់ទទួលប័ណ្ណកម្មសិទ្ធនៅឡើយទេ។
ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីប្រមាណ ៣០ គ្រួសារ ស្ថិតក្នុងភូមិធម្មយុត្ត សង្កាត់ប្អេរ ជាប់របងសាលាខេត្តកំពង់ឆ្នាំង បានស្នើសុំឱ្យអាជ្ញាធរជួយពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធិដីជូនពួកគាត់ ខណៈមន្ត្រីជំនាញអះអាងថា កំពុងបញ្ជូនឯកសារសុំការសម្រេចពីរដ្ឋបាលខេត្ត។
ករណីនេះពួកគាត់បានសួរ ទៅមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ដោយមន្ត្រីបញ្ជាក់ថា ការយឺតយ៉ាវក្នុងការចេញប័ណ្ណឌកម្មសិទ្ធនេះ ដោយសារក្បាលដី ស្ថិតនៅផ្នែកខាងត្បូង មានកំហុសអំពីផ្ទៃដី គឺប្លង់ដីមានការលយចូលទៅលើផ្លូវ។
ករណីនេះ មន្ត្រីជំនាញបានឲ្យពួកគាត់ផ្តិតមេដៃស្នើសុំកែតម្រូវលើលិខិតដែលមន្ត្រីបានរៀបចំ រួចរាល់ហើយដែរ នៅតែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំងប្រាប់ថា មន្ទីររៀបចំដែនដីបានធ្វើកំណត់ហេតុព្រមព្រៀងគ្នាហើយ ហើយកំពុងបញ្ជូនឯកសារសុំការសម្រេចពីខេត្ត៕