ស្រីម្នាក់ ស្រវឹងស្រា បែកគំនិត មកឈរយំ លើស្ពានជ្រោយចង្វារ សង្ស័យថា នាងបម្រុងលោតទឹកបញ្ចប់ជីវិត ក៏នំាគ្នាឃាត់
ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើង កាលពី យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ស្ត្រីប៉ុនប៉ងលោតទឹក មិនបានសម្រេចនោះ បានប្រាប់ទាំងភាពលាក់លៀមថា រូបនាង មានអាយុ ៤៥ឆ្នាំហើយ ជាក្រមុំចាស់ បច្ចុប្បន្នស្នាក់នៅ ម្តុំជិតពេទ្យលោកសង្ឃ។
ស្ត្រីបាននិយាយថា រូបនាង មិនមានវិបត្តិអ្វីនោះទេ។
មុនកើតហេតុ នាងបានផឹកស្រាជុំគ្នាជាមួយអ្នកស្គាល់គ្នា អស់តិចតួច។ លុះស្រវឹងស្រឿងៗ នាងស្រាប់តែមានអារម្មណ៍ធុញថប់ ក៏ហៅម៉ូតូកង់បី ជិះពីផ្ទះ មកឈប់លើស្ពានជ្រោយចង្វារ គោលបំណងឈរលេងស្រូបយកខ្យល់អាកាស អោយស្រឡះ ខួរក្បាលតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋ បានប្រាប់ថា មុនកើតហេតុ ពួកគាត់បានឃើញស្ត្រីនេះ ឈរតោងបង្កាន់ដៃស្ពាន យំតែម្នាក់ឯង ទឹកមុខសោកសៅ។ មើលសភាពនារីនោះ គឺមានបំណងប៉ុនប៉ង ធ្វើអត្តឃាត។ ឃើញដូច្នោះ ពួកគាត់ ក៏បាននាំគ្នាចូលទៅជួយឃាត់ និងសួររកមូលហេតុ។ តែស្ត្រីនេះ មិននិយាយស្ដីអ្វីទាំងអស់ គិតតែក្តោបមុខ អង្គុយយំ។ ពួកគាត់ក៏សម្រេចឃាត់នារីនេះ អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វារ ជួយអន្តរាគមន៍បន្ត។ ស្ត្រីនេះ ត្រូវបានសមត្ថកិច្ច និយាយលួងលោម និងទាក់ទងរកសាច់ញាតិ អោយមកទទួល យកនាងត្រឡប់ទៅផ្ទះវិញ ៕