ស្ត្រីម្នាក់ ប្ដឹងទៅកាន់តុលាការ ពាក់ព័ន្ធករណីញុះញង់ រំលោភលើកម្មសិទ្ធិឯកជន និងមិនគោរព….
សៀមរាប ៖ អ្នកស្រី លី អ៊ុអេង ជាប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដាក់ពាក្យបណ្ដឹងទៅកាន់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ក្នុងកម្មវត្ថុស្នើសុំប្ដឹងលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីពីបទ”ញុះញង់ រំលោភលើកម្មសិទ្ធិឯកជន” និងបទ”មិនគោរពតាមសេចក្ដីសម្រេច របស់តុលាការ” ប្រព្រឹត្តនៅភូមិវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២។
ពាក់ព័ន្ធនឹងការចោទប្រកាន់ និងមានបណ្ដឹងនៅតុលាការនេះ លោក ឃឹម ហ្វីណង់ បានឆ្លើយតបនៅលើទំព័រហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។ តាមរយៈទំព័រហ្វេសប៊ុក អភិបាលស្រុកបន្ទាយស្រី បានបដិសេធទាំងស្រុង ចំពោះការប្រឌិតរឿងឡើង ពីសំណាក់លោកស្រី លី អ៊ុអេង ដើម្បីចោទប្រកាន់មកលើរូបលោក លើករណីដីធ្លីនៅក្នុងស្រុកបន្ទាយស្រី។
លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ការដោះស្រាយទំនាស់ដីធ្លី គឺជាការបំពេញតួនាទីរបស់លោក ជាអភិបាលស្រុក ដោយឈរលើគោលការណ៍ច្បាប់ ភាពមិនលម្អៀង និងតម្លាភាព។ តំបន់ដែលមានវិវាទដូចដែលបានលើកឡើងនេះ គឺជាតំបន់ដែលស្ថិតនៅក្រោមគម្របព្រៃឈើឆ្នាំ ២០០២ ដែលនៅតែជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាកម្មសិទ្ធិឯកជននោះទេ បើទោះជាមានការកាន់កាប់អាស្រ័យផលជាក់ស្តែងក៏ដោយ។ តំបន់ទាំងនេះ តែងមានការទាមទារត្រួតគ្នា ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ សម្បូរទៅដោយវិវាទ និងមានភាពស្មុគស្មាញខ្លាំង ដែលទាមទារឲ្យមានការប្រមូលទិន្នន័យឲ្យបានច្បាស់លាស់ មុននឹងការដោះស្រាយទំនាស់ អាចដំណើរការទៅបាន។
លោកថា ការដោះស្រាយវិវាទ លើដីសាធារណៈរបស់រដ្ឋបែបនេះ ច្បាប់មិនអនុញ្ញាតឲ្យធ្វើឡើងតាមប្រព័ន្ធតុលាការបាននោះទេ ហើយក៏មិនទាន់មានការសម្រេចណាមួយ របស់តុលាការប្រគល់កម្មសិទ្ធិទៅឲ្យភាគីណាមួយនៅឡើយដែរ មិនគួរយកពាក្យ «តុលាការ» មកប្រើប្រាស់ ដែលនាំឲ្យប៉ះពាល់ដល់កិត្តយស របស់ស្ថាប័នតុលាការឡើយ ពោលគឺមានតែការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ តែប៉ុណ្ណោះដែលអាចធ្វើទៅបាន។ ការសម្រេចរបស់តុលាការ ទៅលើករណីព្រហ្មទណ្ឌនានានៅក្នុងតំបន់នេះ មិនមែនជាការប្រគល់កម្មសិទ្ធិដីរដ្ឋ ទៅឲ្យបុគ្គលណាមួយគ្រប់គ្រងនោះទេ និងមិនត្រូវបកស្រាយពន្លើសឡើយ ហើយមានតែការធ្វើអនុបយោគ និងការទទួលបានប្រទានកម្មដោយអនុក្រឹត្យតែមួយគត់ទើបអាចធ្វើដូច្នេះបាន។
លោក ឃឹម ហ្វីណង់ បានឲ្យដឹងបន្តថា រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសជាចំហ និងបានជូនដំណឹងជាសាធារណៈតាំងពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ទៅដល់គ្រប់ម្ចាស់ដីទាំងអស់ នៅក្នុងតំបន់ដែលតែងតែមានវិវាទខាងលើ រួមទាំងលោកស្រី លី អ៊ុអេង ឲ្យផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ទោះបីគិតថាមាន ឬគ្មានវិវាទក៏ដោយ ដើម្បីផ្តល់ជាមូលដ្ឋានឲ្យរដ្ឋបាលស្រុកមានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងពិនិត្យដោះស្រាយបញ្ចប់វិវាទទាំងឡាយនៅក្នុងតំបន់ ដែលមានភាពស្រពិចស្រពិលមួយនេះ មុននឹងបញ្ចូនករណីទាំងនេះទៅរាជរដ្ឋាភិបាលស្នើសុំ ការកាត់ឆ្វៀលចេញពីគម្រប់ព្រៃឈើ និងសម្រេចថាតើអាចធ្វើប្រទានកម្ម ជូនដីដែលដោះស្រាយទំនាស់ចប់ហើយនេះបាន ឬយ៉ាងណា។
លោកបន្ថែមថា ការប្រមូលទិន្នន័យ ដើម្បីដោះស្រាយវិវាទ គឺជាសិទ្ធិស្របច្បាប់របស់អាជ្ញាធរមូលដ្ឋាន ជាពិសេស ប្រសិនបើដីទាំងនោះ គឺជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាការញុះញង់ដូចការចោទប្រកាន់នោះទេ ហើយក៏មិនមែនជាការប្រពឹត្តផ្ទុយ ពីការសម្រេចណាមួយ របស់តុលាការនោះដែរ។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា «ក្នុងតួនាទីខ្ញុំជាអភិបាលស្រុក ខ្ញុំពុំមានសិទ្ធិកំណត់ទីតាំងព្រំប្រទល់ភូមិ ឬធ្វើការផ្លាស់ប្តូរឈ្មោះភូមិ ដោយអត្តនោម័តិឡើយ ហើយរឹតតែមិនអាចអនុញ្ញាតឲ្យបុគ្គលណាម្នាក់មកបង្គាប់ ឲ្យអាជ្ញាធរមូលដ្ឋានទទួលស្គាល់ ទីតាំងភូមិណាមួយខុស ពីទិន្នន័យដែលមានស្រាប់នោះដែរ។ ក្នុងអំឡុងពេលជាង ២ឆ្នាំក្នុងតួនាទីរបស់ខ្ញុំ ក៏មិនដែលមានករណីផ្លាស់ប្តូរព្រំប្រទល់ភូមិ នៅក្នុងស្រុកបន្ទាយស្រីនោះទេ»។
អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា រាល់ការចោទប្រកាន់នេះ ទាំងលើការញុះញ៉ុង ការមិនគោរពសេចក្តីសម្រេចរបស់តុលាការ ការរំលោភលើកម្មសិទ្ធិឯកជន ឬការផ្លាស់ប្តូរទីតាំងភូមិ សុទ្ធតែជាការប្រឌិត និងជាការចោទប្រកាន់គ្មានមូលដ្ឋាន ដែលលោកសូមបដិសេធចោលទាំងស្រុង ហើយដែលលោកអាចមានសិទ្ធិប្តឹងតបវិញបាន។
ចុងក្រោយថា ក្នុងន័យការពារកិត្តិយសមន្ត្រីរាជការ ដែលកំពុងបម្រើប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន លោកសូមស្វាគមន៍ការបើកស៊ើបអង្កេត និងការធ្វើអធិការកិច្ចលើករណីនេះ ពីសំណាក់រដ្ឋបាលខេត្ត ឬស្ថាប័នមានសមត្ថកិច្ចណាមួយ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោក និងផ្តល់យុត្តិធម៌ដល់ការបំពេញតួនាទី រដ្ឋបាលរបស់មន្ត្រីរាជការទាំងអស់ ហើយលោកត្រៀមខ្លួននឹងចាកចេញពីតួនាទីរបស់លោក និងទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ ប្រសិនបើរកឃើញថាមានកំហុស និងបានប្រព្រឹត្តដូចការចោទប្រកាន់ របស់លោកស្រី លី អ៊ុអេង ពិតមែន៕