បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការភ្នំពេញ ករណីជួញដូរគ្រឿងញៀន
ភ្នំពេញ÷ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ជាក់ស្តែងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ៣ និង៣០នាទី កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ពុធ ស៊ុនរស្មី នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចហាងលក់បាយ ផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ករណីបង្ក្រាបខាងលើកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ថន ពុទ្ធារិទ្ធ (ហៅ ស្វិត) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យករួមមាន អ៊ិចស្តាស៊ី (MDMA)ទម្ងន់សុទ្ធ ៣៣៦.៧៤ក្រាម, មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៦៥៩.៦៥ក្រាម, កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ២៨៥៥.៩៨ក្រាម, នីមេតាហ្សេប៉ាម(NIMETAZEPAM)ទម្ងន់សុទ្ធ ២៦១.៣៦ក្រាម, សរុប ៤ គ.ក្រ ១៧២.៦៥ក្រាម ។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕