ប្រជាពលរដ្ឋខ្វះខាតចំនួន ៥០គ្រួសារ នៅស្រុកកែវសីមា ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី អមដំណើរដោយលោក លោកស្រី សមាជិក សមាជិកា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមានផ្ទៃពោះ សរុបចំនួន ៥០គ្រួសារ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាកក្រីក្រងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើសអើងប្រកាន់វណ្ណៈជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ បន្ថែមលើសនេះ ឯកឧត្តម ក៏បានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗផងដែរ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ការពារសុខភាពឲ្យបានល្អ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេស ត្រូវចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី អូមីក្រុង ទាំងអស់គ្នា។ ម្យ៉ាងទៀត ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់នៅតាមទីតាំង ឫមណ្ឌលសុខភាព ដែលអាជ្ញាធរក្រុង/ស្រុក បានកំណត់ជូនប្រជាពលរដ្ឋ និងត្រូវអប់រំកូនចៅ ត្រូវចៀសឲ្យផុតពីគ្រឿងញៀន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួនផងដែរ។
សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥០គ្រួសារនាពេលនេះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធ ១យួរ ក្រមា១ សាប៊ូលាងដៃ ២ដុំ ជែលលាងដៃ១ដប ម៉ាស់៥ និងថវិកាចំនួន ២០,០០០រៀល៕