សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ក្នុងស្រុកស្នួល ហាក់បីដូចជាមិនអន់ថយ ដាក់បទបញ្ជាឲ្យបង្ក្រាបយ៉ាងណាក្តី ក៏មន្រ្តីពាក់ព័ន្ធមិនខ្ចីយកត្រចៀកស្តាប់

ក្រចេះ ÷ សកម្មភាពរថយន្តសាំយ៉ុងដឹកឈើរាប់សិបគ្រឿងក្នុងមួយយប់ៗចេញពីស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាត់តាមស្រុកស្នួល តាមបណ្តោយផ្លូវជាតិលេខ៧ឆ្ពោះទៅខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែងដើម្បីយកទៅទម្លាក់ឲ្យតាមដេប៉ូឈើនៅតាមបណ្តាខេត្តនោះជាច្រើនកន្លែង។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេតែងសង្កេតឃើញមានរថយន្តសាំយ៉ុងជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ប្រហែលជាមានការបើកភ្លើងខៀវពីសំណាក់ មន្ត្រីសមត្ថកិច្ចធំៗ ក្នុងស្រុកកែវសីមា និងស្រុកស្នួល ហើយមើលទៅ. ទើបពុំមានការទប់ស្កាត់និងបង្ក្រាប ជាហេតុនាំឲ្យឈ្មួញរកស៊ីបទល្មើសធ្វើសកម្មភាពបានយ៉ាងអនាធិប្បតេយ្យ និងចរាចរណ៍បានយ៉ាងរលូន នៅលើដងផ្លូវជាតិ។
ជាក់ស្តែងនាយប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងមួយរំលងអាធ្រាត និងពេលថ្ងៃត្រង់ខែឆ្នាំដដែលក្រុម អ្នកសារព័ត៌មានយើង បានជួបប្រទះរថយន្តសាំយ៉ុង ជាច្រើនគ្រឿងសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើទាំងយប់ទាំងថ្ងៃ ដោយពុំមានសមត្ថកិច្ចណាហ៊ានក្អក និងធ្វើការទប់ស្កាត់និងបង្ក្រាបនោះឡើយ។
ជាពិសេស ជំនាញរដ្ឋបាលព្រៃឈើនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្នួល គ្រប់គ្រងដោយលោក វរសេនីយ៍ទោ លន់ ប៊ុនថុល ដែលលោកបានដាក់ លោក អនុសេនីយ៍ឯក អ៊ិត ប៊ុណ្ណា ហៅតោ ឲ្យមើលជាភ្នែកជាច្រមុះរបស់លោកនៅក្នុងស្រុកស្នួលនេះតែមិនដឹងមូលហេតុអ្វីបានជាបទល្មើសចេញទាំងយប់ទាំងថ្ងៃទៅហើយនៅតែមិនឃើញមានចំណាត់ការទៅវិញតើមកពីមូលហេតុអ្វី?
ចំណែកលោក សួន ប៊ុណ្ណា ប្រចាំទិសនៅក្នុងស្រុកស្នួលហាក់បីដូចជារក្សាភាពស្ងប់ស្ងាត់ល្អខ្លាំងណាស់ដែរ បើទោះបីជាលោកប្រចាំការនៅចំណុចមានជ័យជាប្រចាំយ៉ាងណាក៏ដោយតែសកម្មភាពបទល្មើសហាក់បីដូចជាមិនអន់ថយនោះទេ។ មហាជនដាក់ការសង្ស័យថាប្រហែលជាមានការបើកភ្លើងខៀវអពីសំណាក់ថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់នោះ ហើយមើលទៅទើបបទល្មើសទាំងនេះចេញយ៉ាងប្រសេចប្រសាចដោយមិនមានការខ្លាចញញើតនិងសម្ថកិច្ចបន្តិចនោះឡើយ។
ប្រជាពលរដ្ឋដាក់ជាសំណួរបែបត្រង់ៗថា តើ មន្ដ្រីសមត្ថកិច្ចឈរជើងប្រចាំការតាមសង្កាត់រដ្ឋបាលព្រៃឈើ និងស្នាក់ការកងរាជអាវុធហត្ថ និងតាមដងផ្លូវនានា ប្រហែលជាបានទទួលលាភសក្ការៈ ពីក្រុមឈ្មួញហើយមើលទៅ.? បានជាបទល្នើសដឹកជញ្ជូនឈើខុសច្បាប់ទាំងនេះអស់លោកធ្វើមិនដឹងមិនឮបែបនេះទៅវិញ .?
– ជាពិសេស នាពេលកន្លងមកបើទោះបីជា ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្ត វ៉ា ថន និង ឯកឧត្តម្ភ ឧត្តមសេនីត្រីយ៍ សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានធ្វើការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ តែមន្ត្រីថ្នាក់ក្រោមហាក់បីដូចជាមិនយកចិត្តទុកដាក់ធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើ តាមគ្រប់ បណ្ដាស្រុកឲ្យមានប្រសិទ្ធភាពនោះសោះគឺម្នាក់ៗកំពុងតែដេកលក់អស់និងគាំងត្រកៀកស្តូកតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង