កីឡាករ ឡេង ណូរ៉ា ធ្លាប់ជាកុមារម្នាក់រស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ
ភ្នំពេញ ៖ ភាពល្បីរបស់ឡេង ណូរ៉ា ផ្តើមចេញពីការខិតខំប្រឹងប្រែង លត់ដំជីវិតឱ្យឆ្លងកាត់រសជាតិនៃការតស៊ូ ដើម្បីមានថ្ងៃនេះសម្រាប់អនាគតខ្លួនឯង និងបានលើកមុខមាត់ប្រទេសជាតិ។ ពិតជាគួរឱ្យកោតសរសើរនិងមោទកភាពបំផុតចំពោះកីឡាករ ឡេង ណូរ៉ា ធ្លាប់ជាកុមារម្នាក់រស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ ។
សូមជម្រាបជូនថា ឡេង ណូរ៉ា គាត់ជាកូនកំព្រាដែលបានបាត់បង់ឪពុកជាជនជាតិហ្គាណាតាំងពីគេមានអាយុ៦ឆ្នាំ។ ក្រោយមកយុវជនរូបនេះស្ថិតក្នុងបន្ទុកម្តាយដែលមានកូន៤នាក់ មុនពេលម្តាយយកទៅដាក់នៅមណ្ឌលកុមារកំព្រាមួយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ អ្នករស់នៅជាមួយ ឡេង ណូរ៉ា ក្នុងមណ្ឌលកុមារដូចគ្នាបានត្រេកអរនូវអ្វីដែលឡេង ណូរ៉ា មានថ្ងៃនេះ ស្មើនឹងលើកកិត្តិយសដល់កុមារកំព្រាទាំងអស់គ្នា ។
នៅក្នុងមណ្ឌលកុមារកំព្រាអង្គការនោះ ឡេង ណូរ៉ា ទទួលបានការមើលថែ រៀនសូត្រ និងផ្តើមលេងបាល់ទាត់រហូតវិវត្តខ្លួនមកជាប់ក្រុមយុវជន U15 វិសាខា នាឆ្នាំ 2019។ ឡេង ណូរ៉ា ឈ្នះពានមួយចំនួននៅទីនោះដូចជា ពានជើងឯកវិទ្យាល័យ, Soccer League, ជើងឯកយុវជន FFC, KMH CUP U18 មុនផ្ទេរទៅព្រៃវែងនៅឆ្នាំ២០២១ និងទើបត្រឡប់មកក្រុមធំវិសាខាវិញនៅឆ្នាំ២០២២នេះ។
ក្នុងក្រុមជម្រើសជាតិគេជាប់តាំងពីឈុត U15, U23 និងក្លាយជាកីឡាករក្មេងជាងគេបង្ហាញខ្លួនឱ្យក្រុមធំក្នុងជំនួបតទល់អ៊ីរ៉ាក់ ប្រចាំវគ្គជម្រុះវើលខាប់។
ឡេង ណូរ៉ា មានវ័យ១៧ឆ្នាំក្មេងជាងគេទី២ ក្នុងក្រុម U23 បន្ទាប់ពីស៊ិន សុវណ្ណមករា។
សូមបញ្ជាក់ថា, ការហ្វឹកហាត់របស់កីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំ មានការព្យាយាម អំណត់ ប្រកបដោយ វិន័យ សម្រាប់ត្រៀមយកជ័យជម្នះចំពោះ
ការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដែលប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ១៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២២ “ទាំងអស់គ្នា ដើម្បីកម្ពជា”។
សូមជម្រាបថា សម្រាប់ពូល A កម្ពុជា ទទួលបាន៦ពិន្ទុនាំមុខគេហើយ ខណៈឈ្នះ ២ប្រកួត គឺឈ្នះប្រុ៊យណេ ៦-០ និងឈ្នះហ្វីលីពីន១-0 ហើយនៅខាងមុខនេះត្រូវប្រកួតជាមួយទីម័រខាងកើត៕