ឃាត់ខ្លួនជន ល្មើស ចំនួន ៤នាក់ ដែលលួចចូលអារឈើដោយខុសច្បាប់ នៅក្នុងតំបន់សហគមន៍

ខេត្តសៀមរាប៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្ត្រឃុំល្វាក្រាំង និងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។ កម្លាំងនគរបាលស្រុកវ៉ារិន សហការជាមួយប្រជាសហគមន៍ចង្រ្កានរយ បានឃាត់ខ្លួនជន ល្មើស ចំនួន ៤នាក់ ដែលលួចចូលអារឈើដោយខុសច្បាប់ នៅក្នុងតំបន់សហគមន៍ចង្ក្រានរយ។ ជនល្មើសទាំងនោះ ត្រូវបានប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកវ៉ារិន។
មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វាក្រាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស សហការជាមួយកម្លាំងសហគមន៍ព្រៃឈើចង្ក្រានរយ ចុះល្បាតក្នុងព្រៃសហគមន៍លើខ្នងភ្នំ ក៏បានប្រទះឃើញក្រុមជនល្មើស កំពុងធ្វើ សកម្មភាពកាត់ផ្តួលដើមឈើ និងអារជ្រៀកដោយម៉ាស៊ីនរណាយន្ត ចំនួន ០២គ្រឿង លាន់លឺ ពេញព្រៃ។ កងកម្លាំងចម្រុះ ក៏បង្រ្កាប និងឈានដល់ឃាត់ខ្លួនបានជនល្មើស ចំនួន ០៤នាក់ រួចនាំយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកវ៉ារិន ហើយក៏ប្រគល់ជនល្មើស និងវត្ថុតាង ឱ្យទៅមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើវ៉ារិន។
ជនល្មើសទាំង ៤នាក់នោះ មាន៖ ទី១./ឈ្មោះ អ៊ា អន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ រស់នៅ ក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ ទី២./ឈ្មោះ ធួន រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ទី៣./ឈ្មោះ ធិម គិង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិជប់តាត្រាវ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប និងទី៤./ឈ្មោះ ខៀវ ខន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កសិករ ស្នាក់នៅបច្ចុប្បន្ន ក្នុងភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។
ឃាត់ខ្លួនក្រុមជនល្មើស កម្លាំងនគរបាលស្រុកវ៉ារិន និងមន្ត្រីសហគមន៍ ក៏បានដកហូតបានម៉ាស៊ីនរណាយន្ត ចំនួន ០២ គ្រឿង ឧបករណ៍មួយចំនួន និងឈើដែលអារជ្រៀកមួយចំនួនធំផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង