ជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ ៤នាក់ ប្រដាប់ដោយកាំបិតកែច្នៃ និងពាក់មួកការពារសុវត្ថិភាព ធ្វើសកម្មភាពកាប់ប្រហារទៅលើម្ចាស់ហាង យីហោ២៥០០រៀល

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ករណីនេះបាន កើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ស្ថិតនៅចំណុចហាងលក់ដូរយីហោ”២៥០០៛” តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ហាងយីហោ២៥០០៛ ដែលត្រូវក្រុមជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមកធ្វើសកម្មភាពដេញកាប់ដល់ក្នុងហាងគោលបំណងចង់សម្លាប់នេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវដេីម្បីកំណត់មុខសញ្ញា និងតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់។ ដោយឡែកជនរងគ្រោះ កំពុងតែលាក់បាំងពីអត្តសញ្ញាណរបស់ជនសង្ស័យផងដែរ ហើយភ្លាមៗនោះ ជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្ដឹងនោះដែរ គឺទាល់តែសមត្ថកិច្ចចុះមកហៅឱ្យទៅដាក់ពាក្យបណ្ដឹង ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ប៉ុន្តែជនរងគ្រោះបែរជាសរសេរថាមិនស្គាល់មិនដឹងរឿងអ្វីទាំងអស់។
គួរបញ្ជាក់ថា បើទោះជាយ៉ាងណាសមត្ថកិច្ចជំនាញកំពុងតែតាមស្រាវជ្រាវរកជនល្មើសខាងលើនេះដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។
ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា មុនពេលកើតហេតុពួកគាត់និងក្រុមគ្រួសារមានគ្នាចំនួន៤នាក់កំពុងតែអង្គុយហូបបាយ ស្រាប់តែពេលនោះមានជនល្មើសចំនួន៤នាក់ប្រដាប់ដោយកាំបិត និងពាក់មួកការពារសុវត្ថិភាពបានមកធ្វើសកម្មភាពកាប់ប្រហារទៅលើប្តីប្រពន្ធពួកគាត់ ដោយមិនបានកាប់អ្នកផ្សេងនោះទេ។ ប៉ុន្តែដោយពួកគាត់បាននាំគ្នារត់គេចខ្លួនទាន់ ទើបជនដៃដល់ដេញកាប់មិនត្រូវ រួចក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចេញមកជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។

ជនរងគ្រោះពីរនាក់ប្តីប្រពន្ធរូបនេះ ក៏បានអះអាងបន្ថែមថា ក្រុមជនសង្ស័យទាំងនោះមកកាប់ពួកគាត់សង្ស័យជារឿងគំនុំ ហើយអាចមានអ្នកបញ្ជានៅពីក្រោយខ្នងឱ្យមកសម្លាប់ពួកគាត់។ ដូច្នេះពួកគាត់ក៏សូមអំពាវនាវដល់សមត្ថកិច្ចជួយស្វែងរកជនសង្ស័យទាំងនោះ ដើម្បីកំណត់មុខសញ្ញានិងចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង