លោក ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ជាផ្លូវការ

(សៀមរាប)៖ លោក ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បន្ទាប់ពីលោក ទៀ សីហា ជាប្រធានចាស់ និងដែលឡើងជាគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តសៀមរាប។

ក្នុងពិធីតែងតាំង នាថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សង្ឃឹមជឿជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក ប្រាក់ សោភ័ណ និងបន្តជំរុញសកម្មភាពឡើងថែមទៀត ក្នុងការងារការងារសម្បុរសធម៌ ការងារសង្គម និងបេសកកម្មនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ទោះបីទើបប្រកាសទទួលស្គាល់នាពេលនេះក្តី តែយ៉ាងណាលោក ក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នាពេលកន្លងមកក្រោមការដឹនាំរបស់លោក ប្រាក់ សោភ័ណ។

ដោយឡែក លោក ប្រាក់ សោភ័ណ បានថ្លែងអំណរគុណសម្រាប់ការផ្តល់ទំនុកចិត្ត ដល់ការចូលរួមសកម្មភាពសង្គមមនុស្សធម៌ និងបណ្តុះបណ្តាលធនធានយុវជនកម្ពុជាក្នុងខេត្តសៀមរាប។ លោកក៏បានប្តេជ្ញាចិត្ត ចំពោះមុខក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាថា គោរព អនុវត្តម៉ឹងម៉ាត់ តាមបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ដឹកនាំចង្អុលបង្ហាញរបស់លោកប្រធាន បេ្តជ្ញាគោរពគាំទ្រ និងអនុវត្ត តាមផែនការយុទ្ធសាស្រ្តឆ្នាំ២០១៣-២០១៨ បន្តសាមគ្គីភាពផ្ទៃក្នុងរឹងមាំ បង្កើនកិច្ចសហការរដ្ឋបាលខេត្ត អាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធ ដើម្បីជាចំណែកក្នុងការអភិវឌ្ឍន៍ និងលើកស្ទួយសង្គម ជាពិសេសបេ្តជា្ញលើកកម្ពស់យុវជនក្នុងរង្វង់ ស.ស.យ.ក. ក៏ដូចជាយុវជនដទៃទៀត និងប្តេជ្ញាចូលរួមជាកម្លាំងចលករមួយថ្មីក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមជាតិ។

សូមបញ្ជាក់ផងដែរថា លោក ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបតាំងពីឆ្នាំ២០១៩ មកម្ល៉េះ តែដោយសារតែបរិបទកូវីដ-១៩ ទើបធ្វើឱ្យខកខានមិនអាចរៀបចំកម្មវិធីប្រកាសជាផ្លូវការ រហូតមកទល់ថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង