រថយន្តមួយគ្រឿងបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យរបួស ៣នាក់ រីឯរថយន្តស្រាប់តែក្អួតចេញសុទ្ធតែឈើ
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅ វេលាម៉ោងប្រមាណ៨យប់ ស្ថិតក្នុងភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ។
រថយន្តមួយគ្រឿងបានបុកម៉ូតូពីក្រោយពេញទំហឹង ខណៈកំពុងធ្វើដំណើរស្របទិសគ្នាពីខាងលិចទៅខាងកើតតាមផ្លូវជាតិលេខ៦ បណ្តាលឱ្យរបួសស្រាល៣នាក់ ។ រីឯរថយន្តស្រាប់តែក្អួតចេញសុទ្ធតែឈើ ហើយម្ចាស់រថយន្តដោយដឹងថាអាចប្រឈមនឹងការចាប់ខ្លួនក៏រត់គេចខ្លួនបាត់ បន្សល់់ទុកតែរថយន្តនិងឈើនៅកន្លែងកើតហេតុ ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តកាមរីបាឡែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២Q-៥២៤២ បើកបរដោយបុរសម្នាក់ពីខាងលិចទៅខាងកើត ។ លុះទៅដល់ចំណុចខាងលើ ស្រាប់តែបុកម៉ូតូហុងដាឌ្រីម១គ្រឿង ពណ៌ខ្មៅ គ្មានផ្លាកលេខ បណ្តាលឱ្យរងរបួសស្រាលចំនួន៣នាក់ ។ ចំណែករថយន្តបានក្អួតចេញសុទ្ធតែឈើ ហើយអ្នកបើកបររត់គេចខ្លួនបាត់ ។
អ្នកជិះម៉ូតូដែលរងរបួសស្រាលទាំង៣នាក់នេះ មាន ៖ ១-ឈ្មោះ ញ៉ាវ សារិន ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិច្រេស ឃុំកណ្តែកស្រុកប្រាសាទបាគង ២-ឈ្មោះ ឆប សាបៃ ភេទស្រី អាយុ៣៧ឆ្នាំ និង ៣-ឈ្មោះ ផាន់ កក្តដា ភេទប្រុស អាយុ៨ឆ្នាំ ។ អ្នកទាំង២នាក់ក្រោយនេះ រស់នៅភូមិស្រិតកើត ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ។
ក្រោយពេលកើតហេតុ ទាំងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកប្រាសាទបាគង ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕