ករណីមិនឃុំខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈ ម្តាយនិងក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹង សុំភាពយុត្តិធម៌ ពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ភ្នំពេញ៖ ការសម្រេចដាក់ពាក្យបណ្ដឹងសុំភាពយុត្តិធម៌ នៅពេលនេះ ធ្វើឡើងក្រោយពី លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវលក្ខខណ្ឌមួយចំនួន ដោយមិនឃុំខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈ ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ចាន់ ស្រីមុំ និង កូនស្រី អាយុ១៨ឆ្នាំ បានដាក់ពាក្យបណ្តឹងសុំភាពយុត្តិធម៌គោរពជូនលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងកម្មវត្ថុប្ដឹង «លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនិងឈ្មោះ ជា ស្រីមុំ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ដែលមានភាពអយុត្តិធម៌ចំពោះពួកគេ» ។
ម្តាយនិងក្មេងស្រីរងគ្រោះ បានប្រាប់ថា ជនសង្ស័យ មានឈ្មោះ ជា សុជាតិ ហៅសុខុម អាយុ៦៧ឆ្នាំ មានមុខរបរជាមន្ត្រីពេទ្យយោធាចូលនិវត្តន៍ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះ កាលពីអំឡុងខែមករា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃខ្លា ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ដែលកាលនោះក្មេងស្រីរងគ្រោះមានអាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ ។
ក្រោយមក ជនរងគ្រោះនិងម្តាយ បានដាក់ពាក្យបណ្ដឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហូតឈានដល់ការកោះហៅជនសង្ស័យ ជា សុជាតិ ចូលបំភ្លឺហើយសមត្ថកិច្ចក៏បានសុំគោលការណ៍ពីព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា សុជាតិ រួចបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង ។
បើតាមការរៀបរាប់របស់ម្ដាយនិងជនរងគ្រោះ បន្តទៀតថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ជនសង្ស័យឈ្មោះ ជា សុជាតិ ហៅសុខុម ជាផ្លូវការ ពីបទរំលោភសេពសន្ថវៈ តាមមាត្រា២៣៩នៃក្រមព្រហ្មទណ្ឌ ហើយក៏បញ្ជូនជនត្រូវចោទនិងសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីបន្តតាមនីតិវិធី ។
នៅដំណាក់កាលចៅក្រមស៊ើបសួរ ពោលគឺនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ មានន័យថា អនុញ្ញាតឲ្យជនត្រូវចោទឈ្មោះ ជា សុជាតិ ហៅសុខុម ត្រឡប់ទៅផ្ទះវិញ ដោយឲ្យគោរពកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការមួយចំនួន ស្របតាមមាត្រា២៣០នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
ការសម្រេចបែបនេះ គឺ លោក សុង ប៊ុណ្ណារិទ្ធិ ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យល់ឃើញថា «ជនត្រូវចោទឈ្មោះជា សុជាតិ ហៅសុខុម មានទីលំនៅពិតប្រាកដ មានមុខរបរច្បាស់លាស់និងមានមេធាវីការពារសិទ្ធិត្រឹមត្រូវតាមច្បាប់ហើយបានចូលបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដែលអាចឲ្យជឿបានថា ជននេះនឹងពុំគេចវេះពីការកោះហៅរបស់តុលាការឡើយ ។ ហេតុដូច្នេះគប្បីដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ» ។
ទោះបីយ៉ាងណាក៏ដោយ ទាំងម្តាយនិងក្មេងស្រីរងគ្រោះ មិនសុខចិត្តនឹងការសម្រេចរបស់លោក សុង ប៊ុនណារិទ្ធិ ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឡើយ ដោយបានសម្រេចដាក់ពាក្យបណ្ដឹងសុំភាពយុត្តិធម៌ពី លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយបានប្ដឹង លោក សុង ប៊ុណ្ណារិទ្ធិ និង ឈ្មោះ ជា ស្រីមុំ ជាក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ។
យ៉ាងណាក៏ដោយ ការសម្រេចរបស់ចៅក្រមស៊ើបសួរ គឺ ជាឆន្ទានុសិទ្ធិរបស់លោកចៅក្រម ហើយប្រសិនបើ ដើមបណ្ដឹងនិងជនរងគ្រោះ យល់ឃើញថា មិនត្រឹមត្រូវ គឺ មានសិទ្ធិប្ដឹងបន្តទៀត ទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ដែលជាក់ស្ដែងជនរងគ្រោះនិងម្តាយ បានប្ដឹងទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួចហើយដែរ ៕