សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សុខ សារឿន

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

នៅក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សុខ សារឿន សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវក្តីរន្ធត់តក់ស្លុត និងរំជួយចិត្តរកពាក្យអ្វីមកប្រៀបផ្ទឹមបាន ចំពោះការបាត់បង់មេបញ្ជាការ និងជាយុទ្ធមិត្តធ្លាប់រួមដំណើរជាមួយសម្តេច ក្នុងគ្រប់កាលៈទេសៈទាំងអស់ ពិសេសនាយឧត្តមសេនីយ៍ សុខ សារឿន គឺជាមិត្តរួមអាវុធដ៏ស្មោះត្រង់ និងអ្នកជួយយកអាសារបំផុត នៅលើគ្រប់សមរភូមិប្រយុទ្ធ ហើយដែលរូបសម្តេច និង នាយឧត្តមសេនីយ៍ សុខ សារឿន ធ្លាប់មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ចាប់តាំងពីប្រទេសមានអសន្តិសុខ រហូតប្រទេសទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពេញលេញរហូតមកដល់ពេលបច្ចុប្បន្ន។

នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខពីសំណាក់សម្តេច ក៏ដូចជា នាយឧត្តមសេនីយ៍ គ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទ បានចាក់ទុកថា ការបាត់បង់ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ គឺជាបាត់បងស្វាមី បិតា ជីតា ជាទីស្រឡាញ់ និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ពោរពេញទៅដោយមនសិការស្នេហាជាតិ ដែលក្នុងមួយជីវិតរបស់លោក បានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងនាំមកនូវសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ។

រូបកាយរបស់ ឯកឧត្តមបានបាត់បងទៅក៏ពិតមែន តែកិត្តិយស សេចក្តីថ្លៃថ្នូរ និងគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់លោកនៅតែស្ថិតស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់មនុស្សជំនាន់ក្រោយទាំងអស់គ្នា ជារៀងរហូតមិនអាចបំភ្លេចបានឡើយ។

សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមភរិយាសម្តេចផ្ទាល់ បានចូលរួមរំលែកនូវមរណទុក្ខនេះ ប្រកបដោយសមានចិត្ត សោកស្តាយ អាឡោះអាល័យ ជាទីបំផុត ជាមួយភរិយា បុត្រាបុត្រី ចៅប្រុសចៅស្រី និងញាតិមិត្តជិតឆ្លាយនៃសព និងសូមលំឱនកាយវាចាចិត្ត ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធនៃ សព បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង