ស្ពានថ្មឆ្លងស្ទឹងជីក្រែង ស្ថិតនៅចំណុចមុខវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង រងការបាក់ដាច់ចេញពីគ្នា ដោយសាររថយន្តធន់ធ្ងន់ដឹកថ្មគ្រួស បើកឆ្លងកាត់ បាក់ធ្លាក់រថយន្ដចុះទៅក្រោម
សៀមរាប ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ពានថ្មឆ្លងស្ទឹងជីក្រែង ស្ថិតនៅចំណុចមុខវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បានរងការបាក់ដាច់ចេញពីគ្នា ដោយសាររថយន្តធន់ធ្ងន់ដឹកថ្មគ្រួសបើកឆ្លងកាត់ បាក់ធ្លាក់រថយន្ដចុះទៅក្រោម ។
កន្លងមកប្រជាពលរដ្ឋរួមនឹងអាជ្ញាធរមូលដ្ឋាន ធ្លាប់បានហាមប្រាម និងយករនាំងមកបាំងកុំឱ្យរថយន្តធន់ធំបើកបរឆ្លងកាត់ ព្រោះខ្លាចមានបញ្ហា និងជៀស វាងការបំផ្លាញស្ពានរបស់ពួកគាត់ដែលត្រូវឆ្លងកាត់ប្រចាំថ្ងៃ ប៉ុន្តែក្រុមទាំងនោះនៅតែបំពាន ទើបបង្កជាហេតុអាក្រក់បែបនេះ។
ស្ពានមួយនេះ ជាស្ពានថ្មតូចមួយដែលសម្រាប់ប្រជាពលរដ្ឋទូទៅឆ្លងកាត់ ជាពិសេសសិស្សៗធ្វើដំណើរដោយកង់និងម៉ូតូទៅមក ដើម្បីទៅសាលារៀន និងមានវត្តអារាមនៅ ក្បែរនោះ។ ពួកគាត់បន្តថា បន្ទាប់ពីស្ពានថ្មនេះបាក់ ក្មេងៗសិស្សសាលានិងប្រជាពលរដ្ឋត្រូវបង្ខំចិត្តឆ្លងកាត់មកលំនៅដ្ឋានវិញតាមទូកចម្លង៕