ប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកបវេល ខេត្តបាត់ដំបង, លោក លួត សាលី ជំនួសលោក នូ ប៊ុនយ៉ាង ដែលចូលនិវត្តន៍
(បាត់ដំបង)៖ នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកបវេល ខេត្តបាត់ដំបង។ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក លួត សាលី ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបវេលថ្មី ជំនួសលោក នូ ប៊ុនយ៉ាង ដែលចូលនិវត្តន៍។
លោក សុខ លូ បានណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសមាគ្គីភាពផ្ទៃក្នុងចេះគោរពគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធិភាពការងារនៅក្នុងអង្គភាពមានភាព ប្រសើរឡើង និងគុណភាពក្នុងន័យបម្រើសេវាជនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ។
លោកអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុក បន្តពង្រឹងសុខសុវត្ថិភាព និងសុខសន្ដិភាពព្រោះកាលណាប្រទេសមានសុខសន្ដិភាពហើយ ការអភិវឌ្ឍប្រទេសក៏កើតមានឡើងដែរ ប្រទេសជាតិមានការរីកចម្រើនបានអាស្រ័យលើ សន្ដិភាព។
លោកបានជំរុញដល់រដ្ឋបាលស្រុក បន្តពង្រឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសប្រភេទបម្លែងខ្លួនថ្មី អូមីក្រុង ដែលបច្ចុប្បន្ននេះ កំពុងតែមានការផ្ទុះរីករាលដាលជាសហគមន៍កាន់តែធ្ងន់ធ្ងរនៅលើបណ្ដា ប្រទេសក្នុងពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាក៏កំពុងរីករាលដាលដែរ ហើយត្រូវជំរុញឲ្យប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងទាំងដូសជំរុញ និងដូសមូលដ្ឋានសម្រាប់អ្នកដែលមិនទាន់បានមកចាក់ ជាពិសេសរដ្ឋបាលស្រុក ត្រូវរៀបចំក្រុមការងារ ដើរចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅតាមគេហដ្ឋាន ដើម្បីពិនិត្យមើលថា តើគ្រួសារណាខ្លះដែលមិនទាន់បានចាក់វ៉ាក់សាំង គ្រួសារណាខ្លះដែលមិនទាន់បានចាក់ដូសជំរុញ និងត្រូវណែនាំគាត់ឲ្យយល់ច្បាស់ ពីសារៈប្រយោជន៍ក្នុងការចាក់វ៉ាក់សាំង ជាពិសេសដូសជំរុញនេះតែម្ដង ក៏ដូចជា ធ្វើការណែនាំដល់គាត់កុំឲ្យជឿលើសម្ដីញុះញង់ពីជនអគតិមួយចំនួនដែលចោតប្រកាន់ថា វ៉ាក់សាំងកូវីដ១៩ បង្កហានិភ័យដល់សុខភាព និងអាយុជីវិតមនុស្ស ផ្ទុយទៅវិញវ៉ាក់សាំងកូវីដ១៩ មិនបង្កជាហានិភ័យដល់សុខភាពមនុស្ស ឬអាយុជីវិតទេ ហើយថែមទាំងជួយអាយុជីវិតមនុស្ស ពីការឆ្លងពីជំងឺកូវីដ-១៩ ឬជួយឲ្យអាត្រាការស្លាប់ឲ្យនៅទាបបំផុត នៅពេលដែលយើងបានឆ្លងជំងឺកូវីដ-១៩នេះ។
លោកក៏បានណែនាំបន្ថែមដល់រដ្ឋបាលស្រុក បន្តពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងត្រូវណែនាំដល់មន្រ្ដីគ្រប់រូប ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យច្បាស់លាស់ និងម៉ត់ចត់ ហើយធ្វើយ៉ាងណាគេចឲ្យឆ្ងាយពីទង្វើណា ដែលផ្ទុយពីច្បាប់ បើពុំនោះទេ បើសិនស្រាវជ្រាវរកឃើញថាមានបុគ្គលណាម្នាក់ប្រព្រឹត្តនូវអំពើផ្ទុយពីច្បាប់អ្វីមួយ និងធ្វើការចាត់វិធានការដោយគ្មានការលើកលែងឡើយ៕