សម្ពន្ធមិត្តលោកខាងលិចបណ្តេញធនាគាររុស្ស៊ីចេញពីប្រព័ន្ធពិភពលោក នៅពេលអ៊ុយក្រែនប្តេជ្ញាប្រយុទ្ធ

អន្តរជាតិ ៖ បណ្តាសម្ពន្ធមិត្តលោកខាងលិចបានប្រកាសទណ្ឌកម្មថ្មីទូទៅលើរដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃសៅរ៍រួមទាំងបណ្តេញធនាគារសំខាន់ៗរបស់រុស្ស៊ីចេញពីប្រព័ន្ធបង់ប្រាក់សកលដ៏សំខាន់ នៅពេលប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយបណ្តេញទាហានរុស្ស៊ីដែលរុលចូលមកកាន់រដ្ឋធានីគៀវ។
ដោយស្វះស្វែងដាក់ពិន័យសេដ្ឋកិច្ចចំពោះប្រតិបត្តិការសឹករបស់រុស្ស៊ីចូលអ៊ុយក្រែន អាម៉េរិកនិងបណ្តាដៃគូអឺរ៉ុបបាននិយាយថាពួកគេនឹងដាក់ការរឹតត្បិតលើធនាគារកណ្តាលរុស្ស៊ីដើម្បីកំហិតលទ្ធភាពរបស់វាក្នុងការទ្រទ្រង់ប្រាក់រូបល៍និងការផ្តល់ប្រាក់សំរាប់សង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូ។ពួកគេនឹងបណ្តេញធនាគាររុស្ស៊ីចេញពីប្រព័ន្ធផ្ញើសារSWIFT។
ទោះជាមិនបានចុចឈ្មោះធនាគារដែលត្រូវហាមប្រើប្រព័ន្ធនេះទេ តែអ្នកការទូតអឺរ៉ុបម្នាក់បាននិយាយថា ផ្សារធនាគាររុស្ស៊ី៧០ភាគរយរងផលប៉ះពាល់។
ចំណាត់ការនេះជាការវាយសំពងលើពាណិជ្ជកម្មរុស្ស៊ីមួយនិងធ្វើអោយបណ្តាក្រុមហ៊ុនរុស្ស៊ីពិបាកធ្វើជំនួញ។
SWIFTដែលមកពីពាក្យពេញថាthe Society for Worldwide Interbank Financial Telecommunication ជាបណ្តាញផ្ញើសារដែលជួយសម្រួលការទូទាត់កាត់ព្រំដែនយ៉ាងឆាប់រហ័ស ដែលធ្វើអោយវាជាយន្តការពាណិជ្ជកម្មអន្តរជាតិសំខាន់មួយ។
ការប្រកាសនេះកើតឡើងចំពេលការប្រយុទ្ធគ្នាកំពុងបន្តនៅពាសពេញអ៊ុយក្រែន។សាក្ស៊ីនៅទីក្រុងគៀវបានរាយការណ៍អំពីការផ្ទុះយូរៗម្តងនិងការបាញ់កាំភ្លើងនៅក្នុងទីក្រុងកាលពីល្ងាចថ្ងៃសៅរ៍ តែវាមិនច្បាស់ថាចេញមកពីខាងណា។រដ្ឋធានីអ៊ុយក្រែននេះនិងបណ្តាទីក្រុងដទៃទៀតបាននិងកំពុងរងការបាញ់ផ្លោងនិងការវាយប្រហារដោយកាំជ្រួច។
ទណ្ឌកម្មលើធនាគាររុស្ស៊ីអាចកំហិតលោកពូទីនក្នុងការប្រើប្រាស់ទុនបំរុងអន្តរជាតិជាង៦៣០ពាន់លានដុល្លារ ។
អឺស៊ូឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen)ប្រធានគណៈកម្មាធិការអឺរ៉ុប បាននិយាយថា វិធានការថ្មីនេះនឹងរារាំងកុំអោយរុស្ស៊ី«ប្រើកូនអុកសង្គ្រាមរបស់ខ្លួន»។
មន្ត្រីការពារជាតិអាម៉េរិកម្នាក់បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានទប់ទល់នឹងការវាយប្រហារពីបីទិសយ៉ាងស្វិតស្វាញដែលនាំអោយជនជាតិអ៊ុយក្រែនរាប់ម៉ឺននាក់ភៀសខ្លួនឆ្ពោះទៅទិសខាងលិច។
ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាថា ទាហានរបស់ខ្លួនបានរុលទៅមុខជាថ្មីពី«គ្រប់ទិស»ក្រោយលោកពូទីនបញ្ជាអោយសម្រាកបន្តិចកាលពីថ្ងៃសុក្រ។តែរដ្ឋាភិបាលអ៊ុយក្រែនថាមិនមានការសម្រាកអីទេ។ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី បាននិយាយថា«យើងទប់ទល់នឹងវាយប្របណ្តេញសត្រូវបានជោគជ័យ។ការប្រយុទ្ធគ្នាកំពុងបន្ត»។
វិបត្តិនេះមើលទៅមិនងាយនឹងចប់ទេ នៅពេលសម្ពន្ធភាពយោធាលោកខាងលិចគឺអង្គការណាតូ និងអាម៉េរិកប្រកាសបន្ថែមជំនួយដល់អ៊ុយក្រែន។ទោះជាណាតូមិនអាចបញ្ជូនទ័ពចូលអ៊ុយក្រែនតែប្រទេសជាសមាជិកជាច្រើនបានប្រកាសបញ្ជូនជំនួយយោធា។
អាម៉េរិកបានសំរេចបញ្ចេញសព្វាវុធតំលៃ៣៥០លានដុល្លារទៀតទៅអោយអ៊ុយក្រែន នៅពេលអាឡឺម៉ង់បាននិយាយថា ខ្លួននឹងបញ្ជូនសព្វាវុធប្រឆាំងរថក្រោះនិងកាំជ្រួចបាញ់ពីដីទៅអាកាសទៅអោយអ៊ុយក្រែន។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនម្នាក់បាននិយាយថា ទាហានរុស្ស៊ីប្រមាណ៣.៥០០នាក់ត្រូវបានសម្លាប់ឬរងរបួស។ចំណែកមន្ត្រីចារកម្មលោកខាងលិចក៏បានអោយដឹងថាភាគីរុស្ស៊ីរងការបាត់បង់ច្រើនជាងការរំពឹងទុក និងចលនាទ័ពរុលទៅមុខក៏យឺតទៅផងដែរ។
រុស្ស៊ីមិនបានបញ្ចេញតួលេខទាហានរបស់ខ្លួនស្លាប់ឬរងរបួសទេ តែទីភ្នាក់ងារសារព័ត៌មានអាំងទែរហ្វាក់បាននិយាយថា ជនជាតិអ៊ុយក្រែនយ៉ាងតិច១៩៨នាក់ រួមមានជនស៊ីវិល ត្រូវបានសម្លាប់ក្នុងសង្គ្រាមបីថ្ងៃមកនេះ និងជាងមួយពាន់នាក់រងរបួស៕

អត្ថបទដែលជាប់ទាក់ទង