យន្តហោះធំជាងគេបំផុតលើលោក ដែលជានិមិត្តរូបអ៊ុយក្រែន ត្រូវបានរុស្ស៉ីកម្ទេចចោល
(កៀវ)៖ ក្រុមហ៊ុនអ៊ុយក្រែន យូក្រូបូរ៉ុនប្រម (Ukroboronprom) បានអះអាងថា រុស្ស៊ីបានបាញ់កម្ទេចយន្តហោះធំជាងគេបំផុតលើលោក គឺ អាន់តូណូវ-២២៥ (Antonov-225) បាត់ទៅហើយ នៅក្នុងថ្ងៃទី ៤ (ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ) នៃការឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រុមហ៊ុនខាងលើនេះ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យ (ម៉ោងនៅអ៊ុយក្រែន) ថា «ក្រុមឈ្លានពានរុស្ស៊ី បានកម្ទេចនិមិត្តរូបនៃវិស័យអាកាសចរណ៍អ៊ុយក្រែន នោះគឺយន្តហោះ Antonov-225 នៅឯអាកាសយានដ្ឋាន Antonov ក្នុងក្រុងហ្គោស្តូម៉ែល (Gostomel) ក្បែរទីក្រុងកៀវ បាត់ទៅហើយ»។
គួរបញ្ជាក់ថា Antonov-225 គឺជាយន្តហោះធំជាងគេបំផុតក្នុងលោក ដែលត្រូវបានដាក់ឈ្មោះថា ម្រីយ៉ា (Mriya) ឬ «ក្តីសុបិន»។ វាមានបណ្តោយប្រវែង ៨៤ម៉ែត្រ និងអាចផ្ទុកទម្ងន់បាន ២៥០តោន ព្រមទាំងអាចធ្វើដំណើរបានដល់ កម្រិតល្បឿន ៨៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
យន្តហោះ Antonov-225 ដែលភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ ដឹកទំនិញធុនធ្ងន់នេះ តែងតែទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងគេបំផុត នៅពេលវាធ្វើដំណើរទៅចុះចត នៅព្រលានយន្តហោះបរទេសម្តងៗ។ វាត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៨៨៕