រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ បានចេញមករិះគន់ទៅលើប្រទេសលោកខាងលិចមួយចំនួនដែលតែងប្រដៅកម្ពុជា រឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានបង្ហោះសារពីរបីឃ្លានៅលើបណ្ដាញសង្គម Facebook ដូចជាការផ្ញើជូនទៅកាន់ប្រទេសលោកខាងលិចមួយចំនួន ដែលតែងប្រដៅកម្ពុជារឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននោះ។
ការរិះគន់របស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ យ៉ាងដូច្នេះ គឺបន្ទាប់ពីសហភាពអឺរ៉ុប (EU) ដែលមានសមាជិក២៧ប្រទេសនោះ បានប្រកាសបិទសារព័ត៌មាន RT និង Sputnik របស់រុស្ស៉ីមិនឱ្យមើលឃើញនៅក្នុងប្រទេស សមាជិករបស់ខ្លួន។ ការបញ្ជាក់នេះគឺចេញពីមាត់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាការអឺរ៉ុប និងត្រូវបានដកស្រង់ដោយសារព័ត៌មាន RT ផ្ទាល់នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ បានចេញមករិះគន់ទៅលើប្រទេសលោកខាងលិចមួយចំនួនដែលតែងប្រដៅកម្ពុជារឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន តែបែរជានាំគ្នាបិទសារព័ត៌មានរបស់រុស្ស៉ី និងសារព័ត៌មានដែលមាននិន្នាការគាំទ្ររុស្ស៊ី ព្រោះតែប្រឆាំងនឹងប្រទេសរុស្ស៉ីដែលចូលឈ្លានពានប្រទេសអ៊ុយក្រែន។
គេនៅចាំបានថា ប្រទេសលោកខាងលិចមួយចំនួន និងអង្គការមួយចំនួនធ្លាប់បានរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ប៉ុន្តែសួរថា ចុះការរើសអើង និងការប្រការបិទសារព័ត៌មានអន្តរជាតិ RT និង Sputnik ទាំងពីរនេះ តើដូចទៅនឹងអ្វីដែលពួកគេធ្លាប់ប្រដៅ ធ្លាប់វាយប្រហារមកលើកម្ពុជាដែរឬទេ?
លោកបានសរសេរថា «គ្រាន់តែផ្ទុះសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនភ្លាម ប្រទេសដែលធ្លាប់តែមកប្រដៅខ្មែរឱ្យគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ប្រញាប់ប្រញាល់បិទអស់សារព័ត៌មានណាដែលគេយល់ថាគាំទ្រដោយរុស្ស៉ី។ យើងគ្រាន់តែកត់ទុកទង្វើរបស់គេសិនចុះ ចាំមើលបន្តិចទៀតគាត់មកដាក់គូទប៉ុកប្រដៅយើងរឿងហ្នឹងដដែល! សរសើរពួកគាត់ ស្បែកមុខគ្រាន់បើមែនទែន!»។
គួរជម្រាបថា មិនត្រឹមតែប្រធានគណៈកម្មាការសហភាពអឺរ៉ុបប្រកាសបិទសារព័ត៌មាន RT និង Sputnik ប៉ុណ្ណោះទេ បណ្ដាញសង្គមដ៏ធំមួយ គឺ YouTube ក៏ថែមទាំងបានរាំងខ្ទប់មាតិកា ក៏ដូចជា YouTube Channel របស់សារព័ត៌មានរុស្ស៉ីជាច្រើន ក្នុងនោះរួមមានសារព័ត៌មាន RT មិនអនុញ្ញាតឱ្យមើលឃើញនៅតាមបណ្ដាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបឡើយ ដែលសកម្មភាពមួយនេះគឺស្រដៀងទៅនឹងក្រុមហ៊ុន Meta ដែលបានបិទរាំងខ្ទប់មាតិកានៅលើ Facebook ផងដែរ បន្ទាប់ពីរុស្ស៉ីបានវាយប្រហារលើប្រទេសអ៊ុយក្រែន៕