បុរសជនជាតិចិនម្នាក់ ដែលជាប់ពាក់ព័ន្ធ ករណីគ្រឿង ញៀន ជាង ៥ គីឡូក្រាម បានត្រូវតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ
ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការចោទប្រកាន់ ពីបទផលិត រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។ បុរសជនជាតិចិនរូបនេះ ឈ្មោះ Su Yunshi ភេទប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិចិន។
ឃាត់ខ្លួន បុរសជនជាតិចិននេះ ធ្វើឡើងកាល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ៤:៣០ នាទីរសៀល កម្លាំងជំនាញនៃ មន្ទីរប្រឆាំង គ្រឿងញៀន (ក១០) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) និងមានការចូលរួម ពីកម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប នៅចំណុច បន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ 450 សង្កាត់ ទួលទំពូង១ ខណ្ឌចំការមន ។
វត្ថុតាង មេតំហ្វេតាមីន (WY) ទម្ងន់ ២ គីឡូក្រាម ៦៦៦ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២ គីឡូក្រាម ៦៥១,៥១ ក្រាម, កេតាមីន (KETAMIN) ទម្ងន់ ២១៩,៣៥ ក្រាម, នីមេតាហ្សេប៉ាម (4CEC) ទម្ងន់ ៣៥,៦៤ ក្រាម។ សរុប សារធាតុញៀន ទម្ងន់សុទ្ធ ៥ គីឡូក្រាម ៥៧២,៥០ ក្រាម កញ្ឆាក្រៀម ៤ គីឡូក្រាម ៥៤២ ក្រាម សារធាតុផ្សំ ១៣ គីឡូក្រាម និងឧបករណ៍ កែច្នៃ មួយចំនួនធំ ៕