កម្មករសំណង់ម្នាក់ បានដួលផ្កាប់មុខស្លាប់ ពេលកំពុងអង្គុយផឹកស្រាបៀរ ជាមួយមិត្តរួមការងារ

ភ្នំពេញ: កាលពី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ ទីតាំងក្បែរស្ពានអាកាស៥មករា ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ សាញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ នៅជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកស្ទោងខេត្តកំពង់ធំ ។
ជនរងគ្រោះបានមកធ្វើការនិងស្នាក់នៅក្នុងការដ្ឋានអស់រយ:ពេលជាច្រើនខែមកហើយ ដោយចាប់តាំងពីបានធ្វើការ ជនរងគ្រោះមាន កាយសម្បទារឹងមាំ ហើយក៏មិនមានជំងឺប្រចាំកាយអ្វីនោះដែរ ។ នៅថ្ងៃកើតហេតុជនរងគ្រោះបានចូលធ្វើការក្នុងការដ្ឋាន សាងសង់អគារនោះធម្មតា រហូតដល់ម៉ោង០៧យប់ដល់ម៉ោងចេញពីធ្វើការ ។ បន្ទាប់មកជនរងគ្រោះ ក៏បានដើរចេញពីក្នុងការដ្ឋានសំណង់ ដើម្បីទៅទិញម្ហូបហូបបាយ ពេលទៅដល់កន្លែងកើតហេតុ ជនរងគ្រោះបានជួបអ្នកធ្វើការជាមួយគ្នា៤ទៅ៥នាក់ កំពុងអង្គុយផឹកស៊ី ។ ពេលនោះពួកគេបានហៅជនរងគ្រោះ ឲ្យចូលរួមផឹកស៊ីជាមួយគ្នា ហើយជនរងគ្រោះក៏ចូលរួមជាមួយពួកគេផឹកស៊ី ។ បន្ទាប់ពីផឹកស្រាបៀរ ABC អស់មួយកំប៉ុង ស្រាប់តែជនរងគ្រោះបានដួលផ្កាប់មុខក្នុងវង់ផឹកស៊ីនោះ ក៏ផ្អើលឆោឡោនាំគ្នាបីជនរងគ្រោះរត់សំដៅទៅគ្លីនិកឯកជន មួយកន្លែងក្បែរកន្លែងកើតហេតុនោះភ្លាមៗផងដែរ ។ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕

អត្ថបទដែលជាប់ទាក់ទង