ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿង បើកជ្រុលទៅបុកពីក្រោយ រួចកិនពីលើ
ភ្នំពេញ ៖ កាលពី ថ្ងៃទី០១ មិនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែបក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះលាង ពេជ្ររស្មី មានអាយុ២១ឆ្នាំ មុខរបរជាបុគ្គលិកឡាក់គីមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ មានស្រុកកំណើតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក zoomer ពណ៌ សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1GQ 3065បើកបរដោយស្ត្រីម្នាក់ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ 30 ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងដើម្បីចូលទៅកន្លែងធ្វើការ ស្រាប់តែមានរថយន្តដឹកឥដ្ឋធុនធំ មួយគ្រឿងម៉ាកហីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3C 3531បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរបីនាក់ផ្សេងទៀតដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ជ្រុលទៅបុកនិងម៉ូតូ zoomer ពីក្រោយបណ្ដាលឲ្យដួល រួចជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្តបណ្ដាលឲ្យកិនស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបន្តដំណើរទៅមុខប្រហែល 500 ម៉ែត្រ រួចតៃកុងរថយន្តបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រម៉ោល បន្សល់ទុកតែរថយន្តនឹងអ្នករួមដំណើរនៅកន្លែងកើតហេតុ។ ចំណែកសពជនរងគ្រោះក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕